រដ្ឋមន្រ្តីពាណិជ្ជកម្មសង្ឃឹមថា SME នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ដោយៈម៉ាលីនណា

ភ្នំពេញៈ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ខណៈបច្ចុប្បន្នកម្ពុជា កំពុងអនុវត្តន៍ គម្រោងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជាមួយកម្មវិធី EIF។

ក្រសួងពាណិជ្ជកម្ម កាលពីរាត្រីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងក្នុងផេកផ្លូវការថា ក្នុងកម្មវិធីពិភាក្សា ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១២ (MC12) នៅអង្គការពាណិជ្ជកម្មពិភពលោក លោករដ្ឋមន្ត្រី បានចូលរួមថ្លែងបទអន្តរាគមន៍ ដោយបានកោតសរសើរ និងចាត់ទុកកម្មវិធី EIF ជាដៃគូដ៏សំខាន់មួយដែលផ្តល់ជំនួយបច្ចេកទេស សម្រាប់កសាងសមត្ថភាព និងការអភិវឌ្ឍន៍សមត្ថភាពផលិត។

លោកបានវាយតម្លៃខ្ពស់ ចំពោះគោលការណ៍នៃភាពជាដៃគូ និងភាពជាម្ចាស់ការ នៃប្រទេសទទួលជំនួយរបស់កម្មវិធី EIFថា ជាកត្តាសំខាន់ក្នុងការអនុវត្តជំនួយបច្ចេកទេសទាំងនេះ ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់គ្រប់វិស័យគោលដៅទាំងអស់។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានរំលេចពីលទ្ធផលវិជ្ជមាននៃជំនួយរបស់កម្មវិធី EIF ក្នុងការអភិវឌ្ឍសមត្ថភាព ប្រកបដោយផលិតភាព ក្នុងវិស័យស្រូវអង្ករ ដំឡូងមី សូត្រ ជលផលសមុទ្រ និងការបង្កើតវិទ្យាស្ថានម្ហូបអាហារកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានលើកឡើងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងអនុវត្តគម្រោងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច ជាមួយកម្មវិធី EIF ហើយតាមរយៈការបង្កើតផ្សារខេមបូត្រេដ “Cambodiatrade.com” ដែលជាផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក លោកសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យម នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើន ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ។

តាមរយៈកិច្ចសហការជាមួយកម្មវិធី EIF ប្រទេសកម្ពុជា អាចគៀងគរជំនួយបន្ថែមពីអង្គការអន្តរជាតិផ្សេងៗ ដូចជា ITC, IFC, UNDP, UNIDO, UNCTAD, Swisscontact និងវិស័យឯកជន យកមកប្រើប្រាស់សម្រាប់បង្កើនការនាំចេញ បង្កើតការងារ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ស្រ្តី យុវជន និងការលើកកម្ពស់បរិស្ថានក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here