អង្គការពាណិជ្ជកម្មពិភពលោកនឹងរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីនៅចុងខែមិថុនានេះ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកសុខ សុភ័ក្រ្ត បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាលើប្រធានបទសំខាន់ៗដើម្បីរៀបចំគោលជំហរ សម្រាប់ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្មពិភពលោក។

កិច្ចប្រជុំសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១២ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ហើយ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។

កិច្ចប្រជុំដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ មានការចូលរួមពីអន្តរក្រសួង ដោយមានតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការ WTO និងក្រុមការងារនៅក្រសួងពាណិជ្ជកម្ម និងបានជម្រាបពីគោលបំណងនៃកិច្ចប្រជុំនេះ។

លោកឡុង កែមវិចិត្រ ឯកអគ្គរាជទូត និងក្រុមការងារស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ WTO ដែលបានចូលរួមប្រជុំចរចាផ្ទាល់នៅទីនោះ រាយការណ៍ពីវឌ្ឍនភាពចុង ក្រោយលើប្រធានបទសំខាន់ៗ និងបញ្ហានានាដែលសមាជិកអង្គការ WTO កំពុងចរចា និងលទ្ធផលរំពឹងទុក ក្នុងនោះរួមមាន ការឆ្លើយតបរបស់អង្គការ WTO ចំពោះវិបត្តិជំងឺរាតត្បាត ការលើកលែងពាក់ព័ន្ធនឹងទិដ្ឋភាព នៃកម្មសិទ្ធិបញ្ញាទាក់ទងនឹងពាណិជ្ជកម្ម (TRIPs Waiver) ការស្តុកទុកស្បៀងអាហារសាធារណៈ កម្មវិធីស្បៀងអាហារពិភពលោក ការចរចាស្តីពីកសិកម្ម និងឧបត្ថម្ភធនជលផល កំណែទម្រង់អង្គការ WTO ការចរចាពាក់ព័ន្ធនឹងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក។ ជាមួយគ្នានេះ តំណាងមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជម្រាបអង្គប្រជុំពាក់ព័ន្ធនឹងប្រធានបទ កិច្ចសម្រួលការវិនិយោគផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “អង្គការ WTO កំពុងបន្តប្រជុំចរចាយ៉ាងមមា​ញឹកមុនកិច្ចប្រជុំ MC12 ដើម្បីអាចសម្រេចបាននូវលទ្ធផលជាដុំកំភួន ហើយទោះបីជាការចរចា លើប្រធានបទមួយចំនួន អាចនឹងមិនបញ្ចប់បាន ក្នុងអំឡុងពេលកិច្ចប្រជុំ MC12 សមាជិកនឹងសម្រេចឱ្យមានសេចក្តីប្រកាសពហុភាគីសម្រាប់កិច្ចប្រជុំ MC12 (Multilateral MC12 Declaration) នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here