ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាកើនឡើងជាង ២ពាន់លានដុល្លារ ត្រឹម ៤ខែដើមឆ្នាំ

ដោយ៖ សុផារី

ភ្នំពេញ ៖ គិតត្រឹម៤ខែដើមឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មកម្ពុជា ទៅកាន់ទីផ្សារបរទេស មានទំហំទឹកប្រាក់សរុបប្រមាណ១៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតត្រឹមខែមករាដល់ខែមេសាឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបមានទំហំទឹកប្រាក់១៧.៦៤៩លានដុល្លារ កើនឡើងជាង២,៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន១៥.២៨៤លានដុល្លារ។

ការនាំចេញ មានតម្លៃ៧.៦០៦លានដុល្លារ កើនឡើង៣២,១% ដែលមានត្រឹម៥,៧ពាន់លានដុល្លារ និងនាំចូលមានតម្លៃ១០.០៤៣លានដុល្លារកើនឡើង៥,៤%។

ទំនិញសំខាន់ ដែលកម្ពុជាបាននាំចេញ រួមមាន សម្លៀកបំពាក់ក្នុងតម្លៃជាង២,៨ពាន់លានដុល្លារ កើនឡើងជាង៦០០លានដុល្លារអាមេរិក ស្បែកជើងចំនួន៥៧០លានដុល្លារ កើនឡើង៣៧,៩% វត្ថុធ្វើពីស្បែក និងរោមសត្វតម្លៃ៦៧២លានដុល្លារ កើនឡើង៥៤,៤% ម៉ាស៊ីន និងឧបករណ៍អគ្គិសនី៥០៤លានដុល្លារ កើនឡើង៥៧,១% ផ្លែឈើ៣៤៩លានដុល្លារ កើនឡើង២០,៥% ធញ្ញជាតិ៤៩៥លានដុល្លារថយចុះ៦,២%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិសដៅការនាំចេញ រួមមាន ការនាំចេញទំនិញទៅអាមេរិកក្នុងតម្លៃ២,៩ពាន់លានដុល្លារ កើនឡើង៥៣,៦% វៀតណាម៩៧៧លានដុល្លារ កើនឡើង៥% ចិន៤២៣លានដុល្លារ ថយចុះ០,១%។

ចំណែកការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន១.២១២,៩លានដុល្លារអាមេរិក កើនឡើងប្រមាណ៣៣៥,២លានដុល្លារអាមេរិក ស្មើនឹង៣៨,២%។

ការនាំចេញកសិផលសរុបមានតម្លៃ១.១២៣,៥លានដុល្លារអាមេរិក កើនឡើងប្រមាណ១០៧,៤លានដុល្លារអាមេរិក ស្មើនឹង១០,៦%។ ក្នុងនោះ ស្រូវនាំចេញមានតម្លៃ២៩៨,៩លានដុល្លារអាមេរិក ថយចុះប្រមាណ១៧,២លានដុល្លារអាមេរិក (៥,៤%) ការនាំចេញអង្ករមានតម្លៃ១០៥,១លានដុល្លារអាមេរិក ថយចុះប្រមាណ៤,៧លានដុល្លារអាមេរិក (៤,៣%) កៅស៊ូនាំចេញមានតម្លៃ១០៣,២លានដុល្លារអាមេរិក កើនឡើងប្រមាណ១០,១លានដុល្លារអាមេរិក (១០,៩%) និងកសិផលផ្សេងទៀតមានតម្លៃ៦១៦,៣ លានដុល្លារអាមេរិក កើនឡើង១១៩,១លានដុល្លារអាមេរិក (២៤%)៕

LEAVE A REPLY

Please enter your comment!
Please enter your name here