ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុកើនឡើងជាង១៦ភាគរយ

ដោយៈ លក្ខិណា

ភ្នំពេញៈ សកម្មភាព កំពង់ផែក្រុងព្រះសីហនុ នៅដើមឆ្នាំ២០២២នេះ ហាក់បានកម្រើកឡើងវិញ បន្ទាប់ពីបានថមថយក្នុងរយៈពេល២ឆ្នាំកន្លងមកដោយសារវិបត្តិកូវីដ១៩។

ជាក់ស្ដែងក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២ កន្លងទៅនេះ មានចំនួន១៩៨.១៨២ TEUs កើនឡើងប្រមាណ១៦,៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ។នេះបើតាមរបាយការ​ណ៍របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចេញផ្សាយនៅល្ងាចថ្ងៃទី ២៧ មេសា ២០២២។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ រួមជាមួយនឹងការគាំទ្រពីទីភ្នាក់ងារ JICA លើការអភិវឌ្ឍកំពង់ផែទាំងផ្នែករឹង និងផ្នែកទន់ ទាំងផ្នែកបច្ចេកទេសនិងផ្នែកហិរញ្ញវត្ថុ សម្រាប់ដំណើរការអភិវឌ្ឍកំពង់ផែ ។

កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្ដានុពល មានអំណោយផលពីធម្មជាតិ សម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានផ្លូវចូលនាវា មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្ដារជាប្រចាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោ​យឡែកនិយោជិតកំពង់ផែ មានលក្ខណៈសម្បត្តិ និងមានជំនាញសមត្ថភាពគ្រប់គ្រាន់ លើការងារប្រតិបត្តិការ និងបានបញ្ជូនទៅបណ្ដុះបណ្ដាល នៅតាមបណ្ដាប្រទេសផ្សេងទៀត នៅក្នុងតំបន់ដើម្បីបម្រើវិស័យកំពង់ផែ ឱ្យមានការរីកចម្រើនដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាទាំងមូល។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រំពឹងទុកថា ចំណតផែកុងតឺន័រថ្មីជំហានទី២ នឹងជំហានទី៣ នឹងមានសមត្ថភាពឱ្យនាវាកុងតឺន័រខ្នាតធំស្ទើរតែទាំងអស់ អាចដឹកជញ្ជូនដោយផ្ទាល់ ពីកំពងផែក្រុងព្រះសីហនុ ទៅមកតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ដោយពុំចាំបាច់ធ្វើការផ្ទេរ ផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា នៅពេលផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ សាងសង់រួចនិងដាក់ដំណើរការ នឹងធ្វើឱ្យការដឹកជញ្ជូនពីភ្នំពេញ ទៅកាន់កំពង់ផែក្រុងព្រះសីហនុ កាន់តែលឿន នឹងជំរុញឱ្យសកម្មភាពកំពង់ផែនេះកាន់តែខ្លាំង តាមរយៈការដឹកជញ្ជូនឆ្លងកាត់កំពង់ផែ ទៅកាន់ទីផ្សារក្រៅប្រទេស និងនាំទំនិញពីក្រៅប្រទេសចូលកម្ពុជាជាដើម ជាពិសេសនឹងធ្វើឱ្យទំនាក់ទំនងរវាងភ្នំពេញ និងខេត្តព្រះសីហនុកាន់តែខិតជិតគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here