សហរដ្ឋអាមេរិកផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦២លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា សម្រាប់គាំទ្រវិស័យអាទិភាពសំខាន់ៗចំនួន៤

ដោយ៖ សុផារី

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦២លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (DOAG) ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍(USAID)។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (DOAG)។

តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៦២លានដុល្លារអាមេរិក សម្រាប់ឆ្នាំទី១នៃកិច្ចព្រមព្រៀង៥ឆ្នាំនេះ ដោយក្នុងនោះហិរញ្ញប្បទានប្រមាណ៤១,៦លានដុល្លារ សម្រាប់វិស័យសុខាភិបាលនិងអប់រំ និង២០,៥លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅក្នុងកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (DOAG) ដែលទើបតែចុះហត្ថលេខានេះ ហិរញ្ញប្បទានប្រមាណ៣៣៨លានដុល្លារអាមេរិក នឹងគ្រោងផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និង ចីរភាព តាមរយៈការអនុវត្តតម្រោងក្នុងវិស័យកសិកម្ម និងបរិស្ថាន ព្រមទាំងការពង្រឹងសេវាសុខភាព អប់រំ និងគាំពារកុមារផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល គិតចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្ដល់ហិរញ្ញប្បទាន ការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណ១,៧ពាន់លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពដូចជា វិស័យ សុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីន និងយុទ្ឌភ័ណ្ឌមិនទាន់ផ្ទុះ ឆ្លើយតបទៅនឹងអាទិភាពរបស់រាជរដ្ឋភិបាលកម្ពុជា ដូចបានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩ ២០២៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here