ហេតុអ្វីបានជាសេដ្ឋកិច្ចរបស់មហាយក្សចិន មានកំណើនយឺតនៅឆ្នាំនេះ តើមានកត្តាប្រឈមអ្វីខ្លះ?

ដោយៈសុខុម

អន្តរជាតិ: សេដ្ឋកិច្ចរបស់មហាយក្សចិន បានចាប់ងើបឡើងវិញយ៉ាងរឹងមាំគួរឱ្យសាទរចាប់ពីដើមឆ្នាំនេះ ប៉ុន្តែអ្វីៗស្រាប់តែប្រែប្រួលហួសការស្មាន ដែលធ្វើឱ្យសេដ្ឋកិច្ចយក្សមួយនេះដាំក្បាលចុះវិញ។

តើហេតុអ្វីបានជាសេដ្ឋកិច្ចចិន មានកំណើនយឺតនៅឆ្នាំនេះ ហើយមានកត្តាប្រឈមអ្វីខ្លះ?

ធនាគារវិនិយោគជប៉ុន Nomura Holdings Inc និយាយថា សេដ្ឋកិច្ចរបស់មហាយក្សចិន ប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរបំផុតរបស់ខ្លួន ចាប់តាំងពីវិបត្តិកូវីដ-១៩ បានផ្ទុះឡើងជាលើកដំបូងក្នុងឆ្នាំ២០២០។ នេះបើយោងតាមសារព័ត៌មាន Bloomberg ចុះផ្សាយកាលពីចុងខែមីនា កន្លងទៅថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារ Nomura Holdings Inc បានសរសេរក្នុងកំណត់ត្រាមួយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុនថា ការធ្លាក់ចុះកំណើនសេដ្ឋកិច្ច របស់ប្រទេសចិន កាន់​តែធ្ងន់ធ្ងរទៅៗនៅក្នុងត្រីមាសទី១ ហើយទីផ្សារនានាគួរតែមានការព្រួយបារម្ភអំពីការធ្លាក់ចុះបន្ថែមទៀតនៅក្នុងត្រីមាសទី២នេះ។

ពួកគេនិយាយថា សកម្មភាពសេដ្ឋកិច្ចជាទូទៅ “អាចនឹងធ្លាក់ចុះខ្លាំងគួរឱ្យកត់សម្គាល់” នៅក្នុងខែមីនា ដោយសារការកើនឡើង នូវវិធានការរឹតបន្តឹងការចល័តនៅទូទាំងប្រទេស និងការបន្តធ្លាក់ចុះក្នុងវិស័យអចលនទ្រព្យ​។

អ្នកជំនាញសេដ្ឋកិច្ចទាំងនេះនិយាយថា ដោយសារការផ្ទុះវិបត្តិកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យជាច្រើន រួមទាំង សេវាកម្មដោយផ្ទាល់ សំណង់ និងសកម្មភាពផលិតកម្មមួយចំនួនផងនោះ “ធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កាន់តែពិបាកសម្រេចគោលដៅកំណើន GDP ប្រមាណ ៥,៥%របស់ខ្លួនសម្រាប់ឆ្នាំ២០២២”។

ធនាគារវិនិយោគមួយនេះ បានទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់កំណើនរបស់ប្រទេសចិន សម្រាប់ពីខែមេសា ដល់ខែធ្នូ ដោយលើកឡើងពីស្ថានភាពកូវីដ-១៩ កាន់តែអាក្រក់ទៅមកធ្វើជាមូលហេតុចម្បង។ អ្នកជំនា​ញសេដ្ឋកិច្ចទាំងនេះ បានលើកឡើងថា ការព្យាករណ៍ដែលមានស្រាប់របស់ខ្លួនអំពីកំណើន២,៩% ប្រហែលជាឆ្លុះបញ្ចាំងពី “ស្ថានភាពសេដ្ឋកិច្ចពិតប្រាកដបានយ៉ាងល្អ”។

សេដ្ឋកិច្ចរបស់ប្រទេសចិន បានចាប់ផ្ដើមងើបឡើងវិញយ៉ាងរឹងមាំលើសការរំពឹងទុកចាប់ពីដើមឆ្នាំនេះ ដោយការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគ និងទិន្នផលឧស្សាហកម្ម សុទ្ធតែបានកើនឡើងលើសពីការព្យាករ។
ទោះជាយ៉ាងណា ស្ថានភាពបានប្រែទៅជាអាក្រក់ឡើងៗ នៅពេលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះវីរុសកូវីដ-១៩ រលកថ្មីដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងវីរុសនេះ បានផ្ទុះឡើងលើកដំបូងនៅក្រុងអ៊ូហាន (Wuhan) ប្រទេសចិន កាលពី២ឆ្នាំមុន។

លើសពីនេះការបញ្ឆេះសង្គ្រាម ពីសំណាក់ប្រទេសរុស្ស៊ី ចូលឈ្លាន​ពា​នប្រទេសអ៊ុយក្រែន បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោក រួមទាំងប្រទេសចិន ផងធ្លាក់ចូលក្នុងភាពវឹកវរ ហើយតម្លៃថាមពលក៏ហក់ឡើងស្រឺតៗដែលមិនអាចគ្រប់គ្រងបាន។

អ្នកជំនាញសេដ្ឋកិច្ចទាំងនេះនិយាយថា រដ្ឋាភិបាលក្រុងប៉េកាំង ក៏ទំនងជានឹងអនុញ្ញាត ឱ្យរដ្ឋអំណាចមូលដ្ឋានបន្ថែមទៀត ចាត់វិធានការបន្ធូរបន្ថយការរឹតបន្តឹង លើអចលនទ្រព្យក្នុងស្រុកផងដែរ ដើម្បីសម្រាលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។

សរុបសេចក្ដីមកឃើញថា កត្តាប្រឈមដែលធ្វើឱ្យសេដ្ឋកិច្ចរបស់មហាយក្សចិន ធ្លាក់ចុះនៅឆ្នាំ២០២២ នេះរួមមានសំខាន់ដូចជា ការផ្ទុះវីរុសកូវីដ-១៩ រលកថ្មី វិស័យអចលនទ្រព្យដាំក្បាលចុះ និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៕ Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here