រដ្ឋាភិបាលប្រកាសដាក់ឱ្យប្រើនូវសៀវភៅមគ្គុទេសក៍ស្ដីពីការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ សៀវភៅមគ្គុទេសក៍ស្តីពីការចរចាពាណិជ្ជកម្ម សម្រាប់កម្ពុជា” (Trade Negotiation Practitioner Manual for Cambodia) ក្រោមសមាសធាតុទី២ នៃគម្រោង ARISE+ Cambodia ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស សម្រាប់ការរៀបចំ និងអនុវត្តន៍ គោលនយោបាយនានាពាក់ព័ន្ធ​ នឹងវិស័យពាណិជ្ជកម្ម ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៥ មីនា២០២២ថ្មីៗនេះ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ការចងក្រងសៀវភៅ មគ្គុទេសក៍ស្តីពី ការចរចាពាណិជ្ជកម្មសម្រាប់កម្ពុជានេះឡើង ក្នុងគោលបំណងផ្តល់ជាមគ្គុទេសក៍ណែនាំ លើការរៀបចំយុទ្ធសាស្រ្ត និងយុទ្ធវិធីចរចាពាណិជ្ជកម្ម ប្រកបដោយប្រសិទ្ធិភាព ដោយផ្អែកលើគោលនយោ​បាយពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ជាពិសេស យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា សម្រា​ប់អ្នកចរចាពាណិជ្ជកម្ម និងមន្រ្តីជំនាញគោលនយោបាយពាណិជ្ជកម្ម។

លោកបន្តថា “កម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើកិច្ចខំប្រឹងប្រែងក្នុងការធ្វើសមារណកម្មពាណិជ្ជកម្ម និងពិពិធកម្ម ទីផ្សារនាំចេញ តាមរយៈការចូលរួមការចរចា ក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក ព្រមទាំងកិច្ចចរចាពាណិជ្ជកម្មសេរីនានា”។ លោកបន្តថា ជាក់ស្តែង ថ្មីៗនេះកម្ពុជាបានបញ្ចប់ និងអនុម័តលើកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា កូរ៉េ (CKFTA) ហើយកម្ពុជាក៏បាននិងកំពុង ចូលរួមការចរចាបន្ថែមទៀតក្នុងក្រ​បខ័ណ្ឌអង្គការ WTO ព្រមទាំងកំពុងសិក្សាលទ្ធភាព ក្នុងការចរចាពាណិជ្ជកម្មសេរី ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័័ក្តិបានបន្ថែមថា ការពង្រឹងសមត្ថភាពលើជំនាញចរចាពាណិជ្ជកម្ម ពិតជាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់អ្នកចរចា ហេតុនេះសៀវភៅមគ្គុទេសក៍នេះ គឺជាឯកសារដ៏សំខាន់មួយ សម្រាប់ជួយពង្រឹងសមត្ថភាពបន្ថែម ដល់អ្នកចរចាកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងពេលបច្ចុប្បន្ន និងអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here