ប្រទេសកម្ពុជា និងអូម៉ង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី

ដោយៈម៉ាលីនណា

ភ្នំពេញៈ កម្ពុជា និងប្រទេសអូម៉ង់ បាននិងកំពុងរៀបចំផែនការដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឲ្យបានកាន់តែប្រសើរឡើង។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបឯកឧត្តម Saleh Mohamed Ahmed Al Suqri ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសអូម៉ង់ ប្រចំាកម្ពុជា ដើម្បីពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ សំដៅបន្តលើកកម្ពស់ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី នាពេលខាងមុខ។

លោកជំទាវបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈបេសកកម្មការទូតដ៏មានអត្ថន័យជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ កម្ពុជា និងអូម៉ង់ នឹងមានលទ្ធភាពពង្រឹង ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ បានជម្រាបជូនពីកាលានុវត្តភាពធុរកិច្ច និងវិនិយោគ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា ដែលទ្រទ្រង់ដល់ធុរជន និងវិនិយោគិនគ្រប់ទីមជ្ឈដ្ឋាន ជាក់ស្តែងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ និងក្របខណ្ឌអាស៊ានបូកដៃគូ និងអសិប (RCEP)។

លោកជំទាវបានលើកទឹកចិត្តវិនិយោគិនអូម៉ង់ ចាប់យកឱកាសសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ការចូលរួមក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់តំបន់ និងការវិនិយោគលើផលិតផល សក្តានុពលរបស់កម្ពុជា រួមមាន អង្ករ កៅស៊ូ ចេក ស្វាយ គ្រឿងអេឡិចត្រូនិច ទំនិញសម្រាប់ការធ្វើដំណើរ និងវាយនភ័ណ្ឌ។-ល-។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍ និងការផ្តល់ព័ត៌មានដ៏ពិស្តារ អំពីបរិយាកាសវិនិយោគនិងធុរកិច្ច ព្រមទាំងបានកោតសសើរ អំពីសុខសន្តិភាពរបស់កម្ពុជា និងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ ពីការប្តេជ្ញាខ្ពស់របស់ភាគីអូម៉ង់ ដើម្បីលើកស្ទួយទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ កំពង់ផែអន្តរជាតិ និងសភាពាណិជ្ជកម្ម។

ជាងនេះទៅទៀត ឯកឧត្តមបានស្នើឱ្យមានការជំរុញ ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងធុរជន តាមរយៈការចូលរួមការតាំងពិព័រណ៌នានារបស់ភាគីទាំងពីរ ហើយបានស្នើឱ្យពិនិត្យលទ្ធភាព បង្កើតអនុស្សរណៈ ឬកិច្ចព្រមព្រៀងផ្សេងៗ ទៅតាមវិស័យអាទិភាពនីមួយៗរបស់ប្រទេសទាំងពីរ។

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អូម៉ង់ សម្រេចបានប្រមាណ៥,៥ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០និង២០២១ រីឯមុខទំនិញគឺភាគច្រើនជាទំនិញវាយនភណ្ឌ ជី និង រ៉ែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here