ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ របាយការណ៍បានបង្ហាញថា ការនាំចេញកសិផលទៅក្រៅប្រទេស ដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ ភូតគាមអនាម័យជាតិ (National Phytosanitary Database) មានបរិមាណសរុប១.៨៣លានតោន ទៅកាន់ទិសដៅ៥២ប្រទេស កើនឡើង៩,៥១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុន បានឲ្យដឹងតាមរយៈផេកផ្លូវការ នៅព្រឹកថ្ងៃទី១ ខែ មីនា ឆ្នាំ ២០២២នេះថា កសិផលសំខាន់ៗ ដែលបាននាំចេញមានដូចខាងក្រោម
១- ការនាំចេញអង្ករ
បរិមាណអង្ករនាំចេញមានចំនួន១០៣,០៥៨តោន កើនឡើងចំនួន ៣៥,២១ភាគរយ បើធៀបនឹងបរិមាណនាំចេញ ក្នុងរយៈពេល២ខែដើមឆ្នាំមុន។ ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន៤១ក្រុមហ៊ុន ហើយបរិមាណអង្ករ ដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ៧៧,០៣៩តោន (៧៥,០២%) និងក្រុមហ៊ុន៣១ដទៃទៀត បាននាំចេញត្រឹមតែ ២៦ ០១៩តោន (២៤,៩៨%)។
២- ការនាំចេញស្រូវ
បរិមាណនាំចេញស្រូវមានចំនួន៦៥១,១០១ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន៤១៣,៧៧៥តោន) ដែលមានការកើនឡើងចំនួន ៩២,០៦៨ តោន (១៦,៤៧%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានចំនួន៥៥៩,០៣៣តោន។
៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ចំណែកឯបរិមាណនាំចេញកសិផល ក្រៅពីស្រូវ-អង្ករ មានចំនួន១,៣១៨,៦៤២ តោនកើនឡើងចំនួន កើនឡើង០,៥០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕