សម្ដេចតេជោរំពឹងពីការប្រមូលចំណូលពីយានយន្តអត់ពន្ធជាង១០០លានដុល្លារអាមេរិក

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ សម្ដេចតេជោបានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី ២២ កុម្ភៈ ២០២២ គ្រាន់តែចំណូលដែលបានមកពីការបង់ពន្ធរបស់យានយន្តអត់ពន្ធមានជាង៥១លានដុល្លារអាមេរិកពីយានយន្តអត់ពន្ធប្រមាណ៥០០០គ្រឿង ហើយយានយន្តអត់ពន្ធ ដែលមិនទាន់ចូលមកបង់ពន្ធមានជាងពាក់កណ្ដាលទៅទៀត។

នាពេលកន្លងមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានដាក់បទបញ្ជាឱ្យប្រមូលយានយន្តទាំងឡាយណាដែលអត់ពន្ធចូលបង់ពន្ធត្រឹមត្រូវស្របច្បាប់ និងបញ្ជាឱ្យអន្តរាគមន៍ចាប់យានយន្តអត់ពន្ធមកផាកពិន័យ និងមិនឱ្យមានយានយន្តអត់ពន្ធធ្វើដំណើរលើដងផ្លូវទៀតឡើយ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២១ និងទិសដៅឆ្នាំ ២០២២នៅរសៀលថ្ងៃទី២៣ កុម្ភៈ ២០២២ សម្តេចបានមានប្រសាសន៍ថា បើតាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចថា ចំណូលពីការបង់ពន្ធ យានយន្តអត់ពន្ធនេះ មានជាង១០០លានដុល្លារពីយានយន្តអត់ពន្ធប្រមាណ១ម៉ឺនគ្រឿង ហើយទំហំទឹកប្រាក់នេះគឺជាផ្នែកមួយដែលអាចឱ្យកម្ពុជាយើងបែងចែកការចំណាយក្នុងពេលដែលកម្ពុជាកំពុងត្រូវការចំណាយខ្ពស់ដោយសារតែកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ ទាំងអស់ដែលមានលុយទិញរថយន្តជិះហើយមេត្តាបង់ពន្ធឱ្យស្របច្បាប់ ហើយជៀសវាងការប្រើរថយន្តដែលបំពាក់ផ្លាកលេខ ខម ផ្លាកលេខ រដ្ឋផ្លាកលេខ រដ្ឋសភា ព្រឹទ្ធសភា ជាដើម។ សម្ដេចថាការធ្វើគំរូល្អរបស់មន្ត្រី រាជការ មន្ត្រីរាជរដ្ឋាភិបាល នោះប្រជាពលរដ្ឋនឹងមិនយកគំរូអាក្រក់តាមឡើយ។

សម្ដេចបន្ថែមថា “ក្នុងមួយខែនៃឆ្នាំ២០២២នេះ ចំណូលដែលបានមកពីពន្ធដារ និងពន្ធគយមានជាង៤៧០លានដុល្លារអាមេរិក ហើយចំណូលនេះ យើងចាយមិនគ្រប់គ្រាន់នោះទេ ពីព្រោះឆ្នាំ២០២២នេះ យើងត្រូវការចំណាយខ្ពស់ និងសូមឱ្យស្ថាប័នពាក់ព័ន្ធនានា កាត់បន្ថយការចំណាយដើម្បីឱ្យរដ្ឋាភិបាលសន្សំប្រាក់ដើម្បីចំណាយណាដែលមានការចាំបាច់ប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here