UN: ពាណិជ្ជកម្មពិភពលោកនឹងមានសន្ទុះយឺតក្នុងឆ្នាំ២០២២ ក្រោយហក់ឡើងខ្ពស់កាលពីឆ្នាំមុន

ដោយៈសុខុម

រីយ៉ាដ: អង្គការសហប្រជាជាតិ (UN) បានព្រមានថា ពាណិជ្ជកម្មពិភពលោកលើផ្នែកទំនិញ និងសេវាកម្មនឹងមានសន្ទុះយឺត ក្នុងឆ្នាំ២០២២ នេះ បន្ទាប់ពីទទួលបានសន្ទុះកំណើនខ្ពស់ មិនធ្លាប់មានក្នុងឆ្នាំ២០២១ និងវិលទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩។

របាយការណ៍នៃសន្និបាតអង្គការ សហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍បានបង្ហាញថា ទំហំពាណិជ្ជកម្មពិភពលោក បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់ទៅ២៨,៥ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដោយទទួលបានកំណើន២៥% ធៀបនឹងឆ្នាំ២០២០ និង១៣%ធៀបនឹងឆ្នាំ២០១៩ មុនពេលផ្ទុះវិបត្តិកូវីដ-១៩។

របាយការណ៍ដដែលនេះបានព្យាករថា កំណើននឹងថមថយសន្ទុះអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២២ ដោយរក្សាទំហំពាណិជ្ជកម្មឱ្យនៅកម្រិតស្រដៀងគ្នា ទៅនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០២១។

អតិផរណារ៉ាំរ៉ៃនៅក្នុងសហរដ្ឋអាមេរិក និងក្តីបារម្ភនានាទាក់ទងនឹងវិស័យអចលនទ្រព្យក្នុងប្រទេសចិន គឺជាហេតុផលនៅពីក្រោយការវិភាគនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើនពាណិជ្ជកម្មពិភពលោកភាគច្រើន មានសន្ទុះខ្លាំងនៅក្នុងឆមា​សទី១ ដើមឆ្នាំ២០២១ ហើយសន្ទុះនេះ បានបន្តហក់ចូលដល់ឆមាសទី២។

របាយការណ៍ដដែលបង្ហាញថា បន្ទាប់ពីបង្អង់ល្បឿន នៅក្នុងត្រីមាសទី៣ កំណើនពាណិជ្ជកម្ម បានហក់ឡើងជាថ្មីម្តងទៀតក្នុងត្រីមាសទី៤ នៅពេលពាណិជ្ជកម្ម លើផ្នែកទំនិញបានកើនឡើង ជិត២០០ពាន់លានដុល្លារអាមេរិក ដោយសម្រេចបានកំណត់ត្រាថ្មីចំនួន៥,៨ទ្រីលានដុល្លារ។

ពាណិជ្ជកម្មលើផ្នែកសេវាកម្ម បានកើនឡើងចំនួន៥០ពាន់លានដុល្លារអាមេរិក ឈានដល់១,៦ទ្រីលានដុល្លារអាមេរិក ដែលខ្ពស់ជាងកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ទៅទៀតក្នុងរយៈពេលដូចគ្នានេះ៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here