ដោយៈលក្ខិណា
ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងសាកលវិទ្យាល័យធនធានមនុស្ស(HRU) បានចុះអនុស្សរណៈយោគយល់គ្នាស្តីពី កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។
នេះជាលើកទីមួយ ក្នុងប្រទេសកម្ពុជា ដែលគ្រឹះស្ថានឧត្តមសិក្សាមួយ ចាប់ដៃគូសហប្រតិបត្តិការជាផ្លូវការ ជាមួយវិស័យមីក្រូហិរញ្ញវត្ថុទាំងមូលក្នុងការកសាងភាពជាដៃគូ ដែលជាយន្តការតភ្ជាប់សម្ព័ន្ធភាពទំនាក់ទំនងទ្វេភាគី ដើម្បីជួយជំរុញនិងបង្កើនឱកាសកម្មសិក្សា ឱកាសការងារ ពិសេស ឱកាសអភិវឌ្ឍន៍អាជីពវិជ្ជាជីវៈរបស់ប្អូនៗ សិស្សនិស្សិតដែលកំពុងសិក្សា និងបញ្ជប់ការសិក្សានាពេលខាងមុខ។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នទាំងពីរ កាលពីចុងសប្ដាហ៍ កន្លងទៅនេះ លោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជ បានបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់នេះ មានកម្មវត្ថុ ១. ស្វែងរកលទ្ធភាពធ្វើការរួមគ្នា ដើម្បីផ្តល់វគ្គសិក្សាជំនាញបច្ចេកទេស ឬសិក្ខាសាលាស្តីពីជំនាញការងារ របស់វិស័យមីក្រូហិរញ្ញវត្ថុ
ទី២. ជំរុញលើកទឹកចិត្តសិស្ស និសិត្ស អោយចូលរួមក្នុងកម្មវិធីសិក្សាផ្សេងៗ រៀបចំដោយសមាគម និងសាកលវិទ្យាល័យ ដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញរបស់ប្អូនៗសិស្ស និស្សិតដែលជាទំពាំងស្នងឫស្សី ទី៣. សម្របសម្រួល ក្នុងការផ្តល់ឱកាសចុះកម្មសិក្សា ឱកាសចូលបំរើការងារ ក៏ដូចជា ឱកាសអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង១០០នៅទូទាំងប្រទេស ដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោកសាស្ត្រាចារ្យបណ្ឌិត ឯក មនោសែនសាកលវិទ្យាធិការ នៃសកលវិទ្យាល័យធនធានមនុស្សបានមានប្រសាសន៍ថា អនុស្សរណៈយោគយល់ផ្តល់យោជន៍ច្រើន សម្រាប់ស្ថាប័នទាំងពីរ ដោយជួយអោយសកលវិទ្យាល័យធនធានមនុស្ស អាចពង្រីកសក្តានុពល កិត្យានុភាព ក្នុងការប ណ្តុះបណ្តាលនិសិត្ស អោយឆ្លើយតបទៅនឹងទីផ្សារការងារ។
លោកបន្តថា ក្នុងឱកាសនេះនិស្សិត ក៏អាចចូលរួមចុះកម្មសិក្សា ហាត់ការ រកការងារធ្វើជាមួយសមាជិក របស់សមាគមទាំង១២០គ្រឹះស្ថាន ដោយនិស្សិត ក៏នឹងទទួលបានឱកាសអភិវឌ្ឍនន៍ សមត្ថភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនផងដែរ។
ចំណែកលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ការចុះអនុស្សរណៈយោគយល់មួយនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិសេសជំនាញផ្នែកហិរញ្ញវត្ថុ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស នៅក្នុងប្រទេសកម្ពុជា អោយកាន់តែមានសក្តានុពល និងឯកទេសក៏ដូចជាបង្កើនឱកាសការងារក្នុងប្រព័ន្ធធនាគារ៕