អភិបាល​រាជធានី​ភ្នំពេញ​ស្នើសុំ​ឱ្យ​អ្នកវិនិយោគ​ជប៉ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​លើ​វិស័យ​កសិកម្ម

ដោយ៖ លក្ខិណា​

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានស្នើឱ្យវិនិយោគិនជប៉ុន បណ្ដាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាហើយនាំចេញទៅកាន់ទីផ្សារអន្តរជាតិវិញជាពិសេសទីផ្សារប្រទេសចិន ក្នុងពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិនបានចូលជាធរមានកាលពីថ្ងៃទី១មករា ២០២២កន្លងទៅនេះ។

នៅក្នុងជំនួបជាមួយប្រធានសមាគមជប៉ុន-កម្ពុជា កាលពីល្ងាចថ្ងៃទី៣ កុម្ភៈ ២០២២ លោកឃួង ស្រេងអភិបាលខេត្តរាជធានីភ្នំពេញ បានលើកឡើងថាវិស័យកសិកម្មនៅកម្ពុជាកំពុងហុចសក្ដានុពលខ្លាំងដល់ការវិនិយោគ ក្នុងនោះនៅរាជធានីភ្នំពេញក៏មានសក្កដានុពលលើវិស័យកសិកម្មដែរដោយលោកបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសម្រាប់នាំចេញទៅទីផ្សារសំខាន់ៗដូចជាប្រទេសចិនជាដើម នៅពេលកម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។

លោក បានចាត់ទុកជប៉ុនថា មានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Takahashi Fumi Aki ប្រធានសមាគមជប៉ុន-កម្ពុជាបានលើកឡើងពីការចាប់អារម្មណ៍របស់សមាគមកម្ពុជា-ជប៉ុន ដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ ទៅតាមសំណើរបស់ លោក ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ។

លោកក៏បញ្ជាក់ថា កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ ២០០ក្រុមហ៊ុន មកទស្សនកិច្ចនៅរាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមាគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២ និងរៀបចំឱ្យមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

លោក Takahashi Fumi Aki បានប្រគល់ប្លង់ដីមួយកន្លែងដែលអំណោយរបស់ជនជាតិជប៉ុនម្នាក់ដល់ លោក ឃួង ស្រង អភិបាលរាជធានីភ្នំពេញ សម្រាប់ធ្វើជាសួនច្បារសាធារណៈមួយ ដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអន្តរជាតិ ហើយក៏មានកម្ពុជាផងដែរ។ ចំណែក លោក ឃួង ស្រេង បានសន្យាថា នឹងចាត់ចែងឱ្យបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here