ដោយ៖ លក្ខិណា
ភ្នំពេញ ៖ វិស័យស្មូនដីកំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលជាពិសេសក្រសួងពាណិជ្ជកម្មដែលជាសេនាធិការនិងត្រៀមរៀបចំនូវមជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យនេះ ដើម្បីឱ្យវិស័យនេះផ្សាភ្ជាប់ជាមួយទេសចរណ៍ វប្បធម៌ប្រពៃណី ។
នៅក្នុងដំណើរទស្សនកិច្ចរបស់លោករាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី២៥ មករា ២០២២ បានឱ្យដឹងថាដើមី្បឱ្យវិស័យស្មូនដី និងចម្លាក់ថ្ម មានដំណើរការប្រកបដោយនិរន្តរភាព ធានាបាននូវគុណភាព សមត្ថភាពផ្គត់ផ្គង់ និងម៉ាកសញ្ញារបស់ផលិតផល និងការសម្គាល់អត្តសញ្ញាណភូមិសាស្ត្រ ចាំបាច់ត្រូវចងក្រងចង្កោមក្រុមអ្នកផលិត បង្កើតទៅជាសមាគម និងការផ្តួចផ្តើមសិក្សាលទ្ធភាពបង្កើតម៉ាកសមូហភាព ដើមី្បជំរុញការប្រកួតប្រជែង ធានាទំនុកចិត្ត និងការទទួលស្គាល់ប្រភពដើមផលិតផលជូនពាណិជ្ជករ និងអ្នកប្រើប្រាស់។
លោកបន្តថា បច្ចុប្បន្នវិស័យស្មូនដីកម្ពុជា មានសមាជិកអ្នកផលិតប្រមាណជាង ២០០ គ្រួសារ ដែលកំពុងផលិត បើទោះបីជាទីផ្សារបញ្ជាទិញត្រូវរអាជួបក់ខានពីវិបត្តិជំងឺកូវីដ-១៩ក៏ដោយ សិប្បករស្មូនដីនៅតែមានការងារជាបន្តបន្ទាប់ ពិសេសបរិក្ខាសម្រាប់សណ្ឋាគារ និងសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានជាដើម។ ដោយឡែកស្ថានភាពវិស័យចម្លាក់ថ្មវិញ អ្នកផលិត និងជាងចម្លាក់មានសរុប៥៥ទីតាំង ចែកចេញជា៣ផ្នែកគឺ៖ ក្រុមហ៊ុនផ្គត់ផ្គង់១ សហគ្រាសផលិត១៨ និងគ្រួសារ៣៦ ហើយវិស័យនេះក៏ទទួលរងផលប៉ះពាល់ ប៉ុន្តែនៅរក្សាបានការបញ្ជាទិញពីទីផ្សារក្នុងស្រុក និងក្រៅប្រទេសរួមមាន៖ ប្រទេសឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្ការ និងប្រទេសថៃឡង់ដ៍។
មជ្ឈមណ្ឌលជំរុញអភិវឌ្ឍន៍វិស័យស្មូនដី ក៏នឹងក្លាយជាមជ្ឈមណ្ឌលអាជីវកម្ម និងជាចលករស្រូបទាញកំណើនសេដ្ឋកិច្ចមូលដ្ឋានដ៏រស់រវើក រក្សាបាននូវកេរ្តិ៍តំណែលវប្បធម៌ ទេពកោសល្យប៉ិនប្រសប់ អត្តសញ្ញាណភូមិសាស្ត្រ និងបង្កើតបរិយាកាសពាណិជ្ជកម្មលើវិស័យស្មូនដី និងវិស័យចម្លាក់ថ្ម ជាពិសេសជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ក្រុមសិប្បករស្មូន និងជាងចម្លាក់ថែមទៀតផង។