World Bank បង្ហាញសុទិដ្ឋិនិយមចំពោះកំណើន GDP របស់វៀតណាម សម្រាប់ឆ្នាំ២០២២

ដោយ: សុខុម

ហាណូយ: គោលដៅសម្រេចកំណើន GDP របស់វៀតណាម ក្នុងរង្វង់៦%ទៅ៦,៥%ក្នុងឆ្នាំ២០២២ ដូចបានកំណត់ក្នុងសម័យប្រជុំរដ្ឋសភាកាលពីពេលថ្មីៗនេះ គឺអាចសម្រេចបានទាំងស្រុង ប្រសិនបើប្រទេសនេះអាចគ្រប់គ្រងវីរុសកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ ពោលគឺតុល្យភាពតម្រូវការ។

យោងតាមលោក Jacques Morisset អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោក ឬ World Bank និងជាប្រធានកម្មវិធីរបស់ World Bank សម្រាប់ប្រទេសវៀតណាម ឱ្យដឹងថា ហានិភ័យធំបំផុតចំពោះសេដ្ឋកិច្ចរបស់វៀតណាម ក្នុងឆ្នាំ២០២២ អាចជាការផ្ទុះវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីៗដែលមានលក្ខណៈស្មុគស្មាញ។

លោកក៏បានលើកឡើងពីហានិភ័យសេដ្ឋកិច្ចផ្ទៃក្នុងផងដែរ ដោយគូសបញ្ជាក់ថា ប្រទេសវៀតណាម គឺជាសេដ្ឋកិច្ចបើកចំហដែលពឹងផ្អែកលើស្ថានភាពក្នុងប្រទេសផ្សេងទៀតក្នុងពិភពលោក។

យោងតាមអ្នកជំនាញសេដ្ឋកិច្ចរូបនេះឱ្យដឹងថា ហានិភ័យមួយទៀតចំពោះសេដ្ឋកិច្ចវៀតណាម គឺទាក់ទងនឹងអតិផរណា។ បច្ចុប្បន្នសេដ្ឋកិច្ចរបស់វៀតណាម កំពុងតែប្រឈមមុខនឹងអតិផរណានាំចូល ខណៈតម្លៃទំនិញក្នុងស្រុកមិនទាន់កើនឡើងនៅឡើយ ដោយសារតម្រូវការនៅតែទាបជាងការផ្គត់ផ្គង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងនឹងទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម លោក Jacques Morisset បានលើកឡើងពីចំណុចថ្មីៗចំនួន៣សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចរួមមានដូចខាងក្រោម៖

ទី១៖ ការផ្ទុះវិបត្តិកូវីដ-១៩ បានរុញច្រានដោយប្រយោលធ្វើឱ្យប្រទេសវៀតណាម ក្លាយជាគោលដៅមួយដែលពឹងផ្អែកលើក្រុមហ៊ុនសហគ្រាសបរទេសធំៗ ដែលសុទ្ធតែមានគោលដៅធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន។

ទី២៖ ប្រទេសវៀតណាម ក៏អាចទាញយកប្រយោជន៍ពីឱកាសនានាពីសេដ្ឋកិច្ចបៃតងផងដែរ។ វៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារបម្រែបម្រួលអាកាសធាតុ ប៉ុន្តែប្រទេសនេះក៏អាចទាញយកប្រយោជន៍ពីបញ្ហានេះបានផងដែរ។

ទី៣៖ កត្តាជំរុញកំណើនទី៣ គឺតម្រូវការក្នុងស្រុក។ នៅពេលវៀតណាម ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាមួយនឹងការកើនឡើងនូវចំនួនប្រជាជនវណ្ណៈកណ្តាល តម្រូវការក្នុងស្រុកនឹងកាន់តែរឹងមាំ។

លោក Jacques Morisset បានអះអាងថា World Bank នឹងបន្តគាំទ្រប្រទេសវៀតណាម សម្រេចគោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួន ដែលចង់ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ និងសប្បូរសប្បាយនៅត្រឹមឆ្នាំ២០៤៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here