ក្រុមហ៊ុនខ្នាតយក្សToyota គ្រោងបោះទុនវិនិយោគប្រមាណ១.៣០០លានដុល្លារដើម្បីសាងសង់រោងចក្រថ្មីមួយ

ដោយៈសុខុម

ប្រទេសជប៉ុនៈ ក្រុមហ៊ុន Toyota បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៦ ធ្នូ ថា ខ្លួននឹងសាងសង់រោងចក្រអាគុយថ្មីមួយ ដែលមានតម្លៃ១,២៩ពាន់លានដុល្លារនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនជប៉ុន មួយនេះ ព្យាយាមបង្កើនកិច្ចប្រឹងប្រែងផលិតរថយន្តHybrid និងរថយន្តអគ្គិសនី (EV) របស់ខ្លួន។

លោក Chris Reynolds ប្រធានរដ្ឋបាលក្រុមហ៊ុន Toyota ប្រចាំរដ្ឋនេះបានថ្លែងថា ជាជំហានដំបូងរោងចក្រថ្មី ដែលនឹងចាប់ផ្តើមដំណើរការផលិតកម្មនៅឆ្នាំ២០២៥ខាងលើនេះ នឹងមានសមត្ថភាពផ្គត់ផ្គង់អាគុយសម្រាប់រថយន្ត បាន៨០០.០០០គ្រឿងក្នុងមួយឆ្នាំ ហើយវានឹង”ត្រួសត្រា​យផ្លូវ” សម្រាប់ការផលិតរថយន្តអគ្គិសនីរបស់Toyota នៅសហរដ្ឋអាមេរិក។

ការវិនិយោគនេះ នឹងធ្វើឡើងដោយក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Toyota Battery Manufacturing ហើយតាមការរំពឹងទុកថា វានឹងបង្កើតការងារថ្មីបានចំនួន១.៧៥០កន្លែងនៅសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែតុលា ក្រុមហ៊ុន Toyota បានប្រកាសថា ខ្លួននឹងបង្កើតក្រុមហ៊ុនថ្មីមួយ ហើយនឹងសាងសង់ រោងចក្រផលិតអាគុយរថយន្តថ្មីមួយនៅសហរដ្ឋអាមេរិក ជាមួយក្រុមហ៊ុនToyota Tsusho ដែលជាបុត្រសម្ព័ន្ធមួយរបស់ខ្លួន ដោយក្រុមហ៊ុនToyota នឹងកាន់កាប់ភាគហ៊ុន៩០%នៅក្នុងក្រុមហ៊ុនផលិតអាគុយនេះ។

រដ្ឋ North Carolina និយាយថា ជាជំហានដំបូងរោងចក្រថ្មីនេះ នឹងផលិតអាគុយសម្រាប់រថយន្ត Hybrid របស់ក្រុមហ៊ុន Toyota ជាមួយនឹងគោលបំណងផលិតអាគុយ សម្រាប់រថយន្តអគ្គិសនីសម្រាប់រយៈពេលវែង។

ការវិនិយោគនេះ គឺជាផ្នែកមួយនៃទុនវិនិយោគ៣,៤ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុន Toyota បានប្រកាសខែតុលាថា ខ្លួននឹងចំណាយលើការអភិវឌ្ឍ និងការផលិតអាគុយរថយន្តរបស់ខ្លួន នៅសហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣០។

ការវិនិយោគទាំងនេះគឺជាផ្នែកមួយ នៃទំហំទុនវិនិយោគសរុប១៣,៥ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុនToyota បានប្រកាសកាលពីខែកញ្ញា ថា ខ្លួនគ្រោងនឹងចំណាយលើការអភិវឌ្ឍអាគុយរថយន្តទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០៣០៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here