ដំណឹងល្អ : កម្ពុជាគ្រោងនាំចេញផ្លែមៀន និងត្រីប្រាទៅទីផ្សារប្រទេសចិនឆាប់ៗនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជា-ចិន កំពុងសិក្សានាំចេញផ្លែមៀន និងត្រីប្រាទៅកាន់ទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។ នេះបើប្រសាសន៍របស់សម្តេចតេជោហ៊ុន សែន និងបើតាមការលើកឡើងរបស់លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១១ ពីអ្នកលឿង ទៅថ្នល់ទទឺង នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នេះ។

បើតាមលោក វ៉ាង វិនធៀន តាមគោលការណ៍ការសិក្សាពិនិត្យវាយតម្លៃផ្នែកហានិភ័យនេះ ត្រូវធ្វើការចុះពិនិត្យ និងសិក្សាទៅទីតាំងចំការ និងដល់ទីតាំងចិញ្ចឹមត្រីដោយផ្ទាល់ ប៉ុន្តែដោយសារវិបត្តិកូវីដ១៩ ធ្វើអ្នកជំនាញរបស់ចិនពិបាកធ្វើដំណើរ ទើបភាគីចិន ឯកភាពក្នុងការវាយតម្លៃតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។

បន្ទាប់ពីការសិក្សាវាយតម្លៃនេះរលូនល្អ ផ្លែមៀនរបស់កម្ពុជា នឹងអាចនាំចេញទៅចិននៅរដូវប្រមូលផលឆ្នាំក្រោយ និងត្រីប្រាអាចនាំចេញបានក្នុងពេលដ៏ខ្លីខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វ៉ាង វិនធៀន ក្នុងឱកាសអញ្ជើញចូលរួមសម្ពោធផ្លូវជាតិលេខ១១ នៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ភាគីចិនបានធ្វើការសម្រេចចិត្តក្នុងសិក្សា និងវិភាគហានិភ័យលើផ្លែមៀន និងត្រីប្រារបស់កម្ពុជា ដោយតាមរយៈវីដេអូពីចម្ងាយ ជាវិធានការសំខាន់មួយដើម្បីអនុវត្តកូសង់ស៊ីស ក្នុងការប្រជុំតាមរយៈប្រព័ន្ធវីដេអូរវាងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ប្រសិនរលូនផ្លែមៀនកម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលរដូវប្រមូលផលលើកក្រោយ រីឯត្រីប្រាវិញ នឹងនាំចេញទៅកាន់ប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខ។”

បើតាមអគ្គនាយកដ្ឋានកសិកម្ម បច្ចុប្បន្ននេះផ្ទៃដីដាំមៀនប៉ៃលិន មានចំនួនប្រមាណ៨ពាន់ហិកតា។ មៀនប៉ៃលិន ភាគច្រើនដាំដុះនៅខេត្តចំនួនរួមមាន ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់។ កម្ពុជាពឹងពាក់ប្រទេសទី៣ ដើម្បីនាំចេញផ្លែមៀន ទៅកាន់ប្រទេសចិន។ ចំណែកត្រីប្រាវិញ ចិនបានទិញពីប្រទេសវៀតណាម ក្នុង១ឆ្នាំៗរាប់ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here