ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពី ការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយសាំងធម្មតា ត្រូវលក់តម្លៃ៤,២០០រៀលក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ៣,៨៥០រៀល ក្នុង១លីត្រ។
នេះបើយោងតាមប្រកាសអន្តរក្រសួង ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយ ប្រេងឥន្ធនះនៅកម្ពុជា។
ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនះលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២១ នឹងត្រូវលក់ ៤.៣៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA9 និង ៤.០១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១៥ ខែធ្នូ ឆ្នាំ២០២១ នឹងចុះមក៤.២០០ រៀល/ លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.៨៥០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត៕