ចំនួននិស្សិតកម្ពុជាទៅសិក្សានៅសហរដ្ឋអាមេរិកកើនឡើង ទោះបីក្នុងវិបត្តិកូវីដ១៩

ដោយៈលក្ខិណា

ភ្នំពេញៈ យោងតាមរបាយការណ៍ថ្មីមួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបង្ហាញថា ចំនួននិស្សិតកម្ពុជាដែលបានសិក្សានៅក្នុងមហាវិទ្យាល័យ និងសាកលវិទ្យាល័យក្នុងសហរដ្ឋអាមេរិក នាឆ្នាំសិក្សា ២០២០-២០២១មានកំណើន១៤,៣ភាគរយលើសឆ្នាំកន្លងទៅ។

របាយការណ៍ Open Doors ឆ្នាំ២០២១ស្ដីពីការផ្លាស់ប្តូរផ្នែកសិក្សាអប់រំអន្តរជាតិ បានបង្ហាញឱ្យឃើញថា និស្សិតកម្ពុជាចំនួន៨៤៨នាក់ បានសិក្សានៅមហាវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក ដោយមានកំណើនលើសពីចំនួន៧៤២នាក់ កាលពីឆ្នាំ២០១៩-២០២០ ។ កំណើននេះ បន្តនូវនិន្នាការជាវិជ្ជមានក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ ។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ដោយត្រូវបានដកស្រង់ដាក់ នៅក្នុងសេចក្តីប្រកាសព៌តមាននាថ្ងៃទី២៣ វិច្ឆិកានេះថា យើងមានមោទកភាព ដែលមាននិស្សិតកម្ពុជាជាច្រើន បានជ្រើសរើសយកការសិក្សានៅសហរដ្ឋអាមេរិក ។ តាមបទពិសោធន៍ផ្ទាល់ខ្លួនលោកដឹងថា ការសិក្សារនៅបរទេស ផ្ដល់អត្ថប្រយោជន៍ច្រើន ធ្វើឱ្យជីវិតមានការផ្លាស់ប្តូរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “វាជាដំនឹងដ៏រីករាយដែលឃើញថានិស្សិតកម្ពុជា ផ្ដល់តម្លៃយ៉ាងខ្លាំងដល់ការអប់រំ នៅថ្នាក់ឧត្តមសិក្សារបស់សហរដ្ឋអាមេរិកថា ជាមធ្យោបាយដ៏មានសារសំខាន់មួយ ក្នុងការទទួលនូវជំនាញថ្មីៗ ចំណេះដឹង និងបទពិសោធន៍សម្រាប់ជំរុញបន្ថែ​មនូវការអភិវឌ្ឍក្នុងព្រះរាជាណាចក្រកម្ពុជា”។

សហរដ្ឋអាមេរិកគឺជាគោលដៅទី១ នៅក្នុងពិភពលោក សម្រាប់និស្សិតអន្តរជាតិ ដោយមាននិស្សិតចំនួន ៩១៤.០៩៥ សិក្សានៅឆ្នាំ២០២០ និង២០២១ ។ ការរាតត្បាតនៃជំងឺកូវីដ១៩ ជាចំណែកមួយធ្វើឱ្យចំនួននិស្សិត មានការធ្លាក់ចុះចំនួន១៥ភាគរយ ពីចំនួននៃឆ្នាំ២០១៩-២០២០ តែចំនួននិស្សិតកម្ពុជា ដែលសិក្សានៅអាមេរិកបែរជាមានកំណើនទៅវិញ។

ស្ថានទូតអាមេរិកនៅកម្ពុជា ជំរុញឱកាសសិក្សានៅក្នុងសហរដ្ឋអាមេរិក សម្រាប់ប្រជាជនកម្ពុជា តាមរយៈមជ្ឈមណ្ឌលអប់រំអាមេរិក Education USA និង American Space មានទីតាំងនៅខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ។ ហើយក៏មានផងដែរ នូវមជ្ឈមណ្ឌលឯកសារឌីជីថលមួយទៀតផងដែរ ដែលមានឈ្មោះជាអង់គ្លេសថា AmCam Exchange មានទីតាំងនៅក្នុងផ្សារទំនើប Exchange Square ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here