ការសិក្សាៈកំឡុងវិបត្តិCovid-19អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីនៅកម្ពុជា បានបិទទ្វារច្រើនជាងបុរស

ដោយម៉ាលីណា

ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា កំឡុងវិបត្តិនៃការរីករាលដាលជាសាក​លនៃមេរោគCovid-19អាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីនៅកម្ពុជាបានបិទទ្វារច្រើនជាងអាជីវកម្មដែលគ្រប់គ្រងដោយបុរស។

ការសិក្សាដែលបានធ្វើដិយក្រុមហ៊ុនFacebook និងធនាគារពិភពលោកនៅកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីពេលថ្មី”ៗនេះបានរកឃើញថា បើធៀបនឹងអាជីវកម្មដែលគ្រប់គ្រងដោយបុរស អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រីបានបិទទ្វារច្រើនជាង។ ក្នុងករណីរបស់ប្រទេសកម្ពុជាវិញ អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី បានបិទទ្វារច្រើនជាងអាជីវកម្មដែលគ្រប់គ្រងដោយបុរសចំនួន៤ភាគរយ។

ម្យ៉ាងទៀត ភាគច្រើននៃអាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី ស្ថិតក្នុងវិស័យដែលរងផលប៉ះពាល់ច្រើនបំផុត ពីការរឹតត្បិតលើការរក្សាគម្លាតសុវត្ថិភាពក៏ដូចជាអនាម័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសិក្សានេះបានឲ្យដឹងផងដែរថា បើទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមជាច្រើននៅកម្ពុជា បានព្យាយាមបត់បែនទៅតាមស្ថានភាពជាក់ស្ដែងរបស់ សេដ្ឋកិច្ចនិងសង្គម។ ក្នុងនោះ មានអាជីវកម្មជាច្រើន បានងាកទៅចាប់យកការគ្រប់គ្រងអាជីវកម្ម តាមប្រព័ន្ធឌីជីថល ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគេអាចបន្តដំណើរការបានយូរអង្វែងតទៅមុខទៀត។

បើនិយាយអំពីអាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងបើកដំណើរការធម្មតា តាម Facebook នៅកម្ពុជាវិញ៤១ភាគរយនៃពួកគេបាននិយាយថា មួយភាគបួននៃប្រាក់ចំណូ​លសរុប ដែលគេរកបាននាអំឡុងពេលពីរបីខែកន្លងទៅនេះ គឺបានមកពីការលក់ទំនិញតាមអនឡាញ។

លោកស្រី Sheryl Sandberg នាយិកាផ្នែកប្រតិបត្តិការក្រុមហ៊ុន Facebook បានមានប្រសាសន៍នៅក្នុងសេចក្តីផ្ដើម នៃរបាយការណ៍នេះថា “សហគ្រិន ជាមនុស្សដែលចេះអត់ធន់ ហើយរបាយការណ៍បានបង្ហាញថា សហគ្រិននៅតែមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ពួកគេ”។

លោកស្រីបន្តថា មកដល់ម៉ោងនេះ គេមិនទាន់ដឹងច្បាស់ទេ ថាតើគេត្រូវដើរផ្លូវណា ដើម្បីក្រោកឈរឡើងវិញ ហើយអាជីវកម្មជាច្រើន ក៏នឹងត្រូវការជំនួយគាំទ្រពីរដ្ឋាភិបាល ឬ ស្ថាប័នផ្សេងៗ ដើម្បីអាចក្រោកឈរឡើងវិញបាន។ យើងសង្ឃឹមថា របាយការណ៍នេះ នឹងជួយឆ្លុះបង្ហាញឱ្យស្ថាប័នទាំងនោះបានឃើញថា តើពួកគេគួរផ្ដល់ជំនួយគាំទ្រទៅលើវិស័យណាខ្លះ ដើម្បីឱ្យការជួយនោះ ទទួលបានលទ្ធផលល្អបំផុត។

លោកស្រីបន្តថា “នេះជាពេលវេលាដ៏លំបាក សម្រាប់អាជីវកម្មជាច្រើននៅពាសពេញពិភពលោក ប៉ុន្តែក្រុមហ៊ុនFacebookប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីជួយឱ្យពួកគេអាចឆ្លងផុតឧបសគ្គនេះ”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here