លោកជា សុផារ៉ាៈកម្ពុជាផ្ដល់អាទិភាពដល់ក្រុមហ៊ុនសិង្ហបុរីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់គុណភាពសំណង់នៅកម្ពុជា

ដោយលក្ខិណា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងថា ក្រសួងបានផ្តល់សិទ្ឋអាទិភាពដល់ក្រុមហ៊ុនសឹង្ហបុរី ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់ពីគុណភាពសំណង់នៅកម្ពុជា។

ក្នុងជំនួបជាមួយលោកMichael Tan Keng Siong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំប្រទេសកម្ពុជា លោកជា សុផារ៉ានៅថ្ងៃទី១៩ វិច្ឆិកានេះ  លោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីបានមានប្រសាសន៍ថា ដើម្បីរឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្តល់អាទិភាពទទួលយកក្រុមហ៊ុនសំណង់របស់សិង្ហបុរី ដើម្បីក្លាយជាក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់នៅកម្ពុជា បន្ទាប់ពីអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យនិងបញ្ជាក់សំណង់ បានអនុម័តដោយគណៈរដ្ឋមន្ត្រីរួច។

លោកបន្តថា “ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏នឹងផ្តល់អាទិភាពសម្រាប់ក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់របស់សិង្ហបុរី និងជប៉ុន ដើម្បីធ្វើកិច្ចសន្យាជួលការិយាល័យនៅទីស្តីការថ្មីរបស់ក្រសួង”។

លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា ក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកក៏បានបានបង្ហាញ ពីការចូលរួមអបអរសាទរខួបលើកទី៥៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា សឹង្ហបុរី និងប្តេជ្ញាបន្តរឹតបន្តឹងចំណងមិត្តភាពជាមួយស្ថានទូតសិង្ហបុរី អោយកាន់តែរឹងមាំថែមទៀត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរី សូមសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវិធានការត្រឹមត្រូវ ទទួលបានជោគ​ជ័យក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃជំងឺរាតត្បាតជាសាកល Covid-19។

លោកបន្តថា មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ស្ថានទូត នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជាមានមោទនភាពយ៉ាងខ្លាំង ក្នុងការបំបេញបេសកកម្មនៅកម្ពុជា ដែលអាចទទួលបាននូវសុវត្ថិភាព និងសេរីភាពក្នុងការធ្វើដំណើរ និងប្រកបការងារប្រចាំថ្ងៃ ក្នុងខណៈពេលដែលប្រជាជនក្នុងបណ្តាប្រទេសជាច្រើន លើសាកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសាកលCovid-19 នេះ ។

លោកបន្ថែមថា ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីជំងឺរាតត្បាតជាសាកល Covid-19 មានភាពធូរស្រាល ស្ថានទូតសឹង្ហបុរីជឿជាក់ថា នឹងមានវិនិយោគគិនសិង្ហបុរីជាច្រើនធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីពិនិត្យមើលឱកាសវិនិយោគ ជាពិសេសលើវិស័យសំណង់ លំនៅឋាន និងអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here