សហគ្រិនមួយក្រុម អះអាងថា បញ្ហាជាឱកាសក្នុងមុខជំនួញនិងអាជីវកម្ម

ដោយ៖ លក្ខិណា
ភ្នំពេញ៖ ម្ចាស់អាជីវកម្មជាច្រើនបានជួបនឹងបញ្ហាប្រឈម ដោយសារតែវិបត្តិ ធ្វើឱ្យសកម្មភាពមុខជំនួញ និងអាជីវកម្មជួបប្រទះនឹងបញ្ហា តែសហគ្រិនមួយក្រុមបានលើកឡើងថា បញ្ហាប្រឈមគឺជាឱកាសសម្រាប់សហគ្រិនដែលឆ្លាតវៃ និងចេះបត់បែនទៅតាមកាលៈទេសៈ។

តើឱកាសដែលពួកគេនិយាយនោះ សំដៅលើអ្វីខ្លះ ហើយតើការកែប្រែឱកាសនោះ យ៉ាងណាដែរ?
លោកប៊ុន ផាក( Bun Park ) ម្ចាស់ក្រុមហ៊ុន Camazon ដែលជាក្រុមបញ្ជាទិញទំនិញពីប្រទេសចិនដោយផ្ទាល់មកផ្គត់ផ្គង់ដល់អ្នកលក់ដុំ និងរាយនៅកម្ពុជា បាននិយាយកាលពីចុងសប្ដាហ៍មុននេះថា សហគ្រិន ដែលពូកែ សហគ្រិនដែលឆ្លាតវៃ ត្រូវចេះក្ដាប់ឱកាស។

លោក បានបន្តថា បញ្ហាប្រឈមគឺជាឱកាសសម្រាប់សហគ្រិនដែលពូកែ អាចយកបញ្ហា ឬឧបសគ្គនោះជាឱកាសក្នុងការបង្កើតមុខរបរ ជាក់ស្ដែងក្រុមហ៊ុនមួយចំនួននៅលើពិភពលោកនេះ ទទួលបានចំណូលកើនឡើងខ្ពស់នៅពេលពិភពលោកទាំងមូលជួបនឹងកូវីដ១៩។

លោក បានបន្តទៀតថា “ចង់ទទួលបានជោគជ័យ យើងត្រូវធ្វើការងារជាក្រុម។ គំនិតមួយ បើសិនជាទល់ហើយ គឺនៅគាំងគិតមិនចេញ ហើយមិនមានអ្នកណាជួយប្រឹក្សា ឬឱ្យយោបល់ទៀត តែបើសិនជាមានអ្នកធ្វើការជាមួយពីរបីនាក់ ឬច្រើននាក់ នោះគំនិតនឹងមានច្រើនដូចគ្នា ហើយផ្ដល់ឱ្យគ្នាម្នាក់បន្តិចៗ នោះការងារអាចនឹងជោគជ័យ”។

អ្នកស្រី ពេជ្រ ស្រីមុំ អគ្គនាយិកានៃCEO Premium បាននិយាយផងដែរថា បញ្ហារបស់អ្នកដទៃ គឺជាឱកាសរបស់យើង។ នៅពេលសេដ្ឋកិច្ចមានបញ្ហា ឬវិបត្តិសេដ្ឋកិច្ចពិភពលោក យើងត្រូវមើលថា តើគួរបង្កើតអាជីវកម្មអ្វី ដែលសមនឹងស្ថានភាពនេះ ជាក់ស្ដែងអ្នកអនឡាញមួយចំនួន ទទួលឱកាសទទួលប្រាក់ចំណេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រី បានឱ្យដឹងថា ទទ្ទឹមនឹងនោះ បើសិនជាយើងគិតក្នុងន័យវិជ្ជមាន វានឹងល្អ តែបើសិនជានៅតែអង្គុយគិតអវិជ្ជមាន នោះវានឹងទទួលបានអវិជ្ជមានដែរ។

អ្នកស្រីទទួលស្គាល់ថា ផលប៉ះពាល់ដែលបណ្ដាលពីកូវីដ១៩វាមិនអត់នោះទេ សម្រាប់អ្នកស្រី ក៏ប៉ុន្តែដោយសារតែគម្រោងរបស់អ្នកស្រីបានរៀបចំតាំងពីពីរបីឆ្នាំមកហើយនោះ អ្វីៗនៅតែដំណើរការ ហើយក៏មានការកែប្រែខ្លះៗ និងដោះស្រាយបញ្ហាចំពោះមុខ។ រាល់ការធ្វើអាជីវកម្មអ្វីមួយត្រូវមានផែនការទី១ និងទី២ បើសិនជា១ មិនបានជោគជ័យត្រូវងាកទៅរកទី២៕

LEAVE A REPLY

Please enter your comment!
Please enter your name here