ព៌តមានពីSME សហគ្រាសផលិតចំណីអាហារមិនរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩

        ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់តាំងពីប្រទេសកម្ពុជា និងសាកលលោកជួបវិបត្តិ ដោយសារតែកូវីដ១៩តាំងពីដើមឆ្នាំមក វិស័យជាច្រើនដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច ត្រូវបានមើលឃើញថាទទួលរងផលប៉ះពាល់ ធ្វើឱ្យបុគ្គលិកត្រូវបាតបង់ការងារ ក៏ប៉ុន្តែសម្រាប់អ្នកផលិតចំណីអាហារបែរជាបង្ហាញថា មិនសូវរងផលប៉ះពាល់នោះទេ ហើយសហគ្រាសខ្លះមិនទទួលរងផលប៉ះពាល់ពីវិបត្តិនេះឡើយ។

អ្នកស្រីឡឹង ម៉ានុត ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើ បានមានប្រសាសន៍ឲ្យ​ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ វិច្ឆិកានេះថា ទោះបីជាកម្ពុជាជួបនូវវិបត្តិនៃកូវីដ១៩ក្ដី ហើយវិស័យផ្សេងបានរងផលប៉ះពាល់យ៉ាងណា សម្រាប់សហគ្រាសអ្នកស្រី ហាក់ដូចជាមិនមានផលប៉ះពាល់អ្វីឡើយ ការផលិតនៅតែផលិត ទីផ្សារនៅតែមានសម្រាប់ផលិត​ផលចំណីអាហរដូចជាគ្រាប់ស្វាយចន្ទី និងផលិតផលពីផ្លែឈើជាច្រើនទៀត ។

អ្នកស្រីបន្តថា ចាប់តាំងពីកម្ពុជាជួបបញ្ហាកូវីដ១៩ សិប្បកម្មអ្នកស្រីបានបន្តផលិតជាធម្មតា បុគ្គលិកបម្រើការក្នុងសិប្បកម្មអ្នកស្រី នៅតែបន្តសកម្មភាព ដោយមិនមានអ្នកណាម្នាក់ត្រូវបញ្ឈប់ឡើយ។ ទីផ្សារសម្រាប់ផលិតផលពីសិប្បកម្ម របស់អ្នកស្រីបច្ចុប្បន្ននេះ ជាទីផ្សារក្នុងស្រុកសុទ្ធសាធ ដោយមិនទាន់បានផលិតសម្រាប់នាំចេញនៅឡើយ ។ អ្នកស្រីនិយាយថា ផលិតផលពីសិប្បកម្មស្វាយចន្ទីយើង ផលិតសម្រាប់តែទីផ្សារក្នុងស្រុកទេ ហើយពេលខ្លះ យើងក៏មិនមានផលិតផលសម្រាប់ផ្គត់ផ្គង់លើទីផ្សារទៅទៀត ។ ដូច្នេះយើងមិនអាចផលិតដើម្បីនាំចេញនៅពេលឆាប់ៗនេះទេ។

អ្នកស្រីបន្ថែមថា ឆាប់ៗនេះអ្នកស្រី អាចនឹងពង្រីសិប្បកម្មបន្ថែមហើយសំដៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ តែអ្នកស្រីក៏ត្រុវការជំនួយពីខាងរដ្ឋាភិបាលផងដែរ ដូចជាជំនួយបច្ចេកទេស និងធនធានជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកលោកលាង ឡេង ម្ចាស់សហគ្រាសផលិតទឹកត្រី ទឹកស៊ីអ៊ីវលាង ឡេង បានឲ្យដឹងផងដែរថា ផលិតផលរបស់លោកបានបាត់ទីផ្សារមួយចំណែក គឺតាមសណ្ឋា​គារ និងភោជនីយដ្ឋាន ដោយសារតែវិស័យទេសចរណ៍ធ្លាក់ចុះ ក៏ប៉ុន្តែមកកើនឡើងនៅតាមគេហដ្ឋានទៅវិញ ព្រោះតែពេលមានបញ្ហាកូវីដ១៩ មនុស្សភាគច្រើនមិនសូវចេញក្រៅបរិភោគអាហារ ដូច្នេះពួកគេជ្រើសរើសយកការបរិភោគជួបជុំគ្រួសារ ធ្វើឱ្យតម្រូវពលរដ្ឋទិញចំណីអាហារ យកទៅទុកបរិភោគនៅផ្ទះឬធ្វើម្ហូបពីផ្ទះខ្ចប់ទៅកន្លែងធ្វើការ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថា ជំងឺកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះជាអវិជ្ជមានមកនៅ-២ភាគរយ ហើយជាការធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានសម្រាប់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here