អង់គ្លេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានាបន្ថែមជាមួយកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ ៖ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេស លោកស្រី Tina Redshaw ដែលទើបទទួលបានភារកិច្ចបំពេញ បេសកកម្មការទូតនៅកម្ពុជា បានលើកឡើងថា អង់គ្លេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានាឲ្យកាន់តែរីកចំរើន បន្ថែមទៀត។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងកាលពីម្សិលមិញ ក្នុងជំនួបពិភាក្សារវាងលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Tina Redshaw ដែលទើបទទួលបានភារកិច្ចបំពេញ បេសកកម្មការទូតនៅកម្ពុជា។

លោកស្រី ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ក្នុងអាណិត្តបំពេញភារកិច្ចការទូតនេះ លោកជំទាវនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស នឹងបន្តជំរុញការអភិវឌ្ឍវិស័យឯកជន និងសកម្មភាពពាណិជ្ជកម្មនានាឲ្យកាន់តែរីកចំរើន បន្ថែមទៀត ។

លោកស្រី ក៏បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវ សមិទ្ធផលផ្លែផ្កាជាច្រើន ជាពិសេស ការចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាល ដាល នៃជំងឺកូវីង -១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ថែមលើកិច្ចពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ទស្សនៈទានលើឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ , ភាគីទាំងពីរ ក៏បានពិភាក្សា ផ្លាស់ប្តូរ , លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធកាលពីសប្តាហ៍កន្លងមក ជាដើម និងប្តេជ្ញា នឹងបន្តជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការ សកម្មភាពពាណិជ្ជកម្ម និងជំរុញការទាក់ទាញអ្នកវិនិយោគិនទៅវិញទៅមកឲ្យបានច្រើនបន្ថែមទៀត។

លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា បើទោះជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺ Covid-19 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត, រំខានដល់សកម្មភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងជីវភាព រស់នៅ, រាជរដ្ឋាភិបាលកម្ពុជា ខិតខំ និងត្រៀមលក្ខណៈក្នុងការផ្តល់កិច្ចសហការគាំទ្រ បន្តពង្រីកកិច្ច សហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីសម្រេចបាននូវសមិទ្ធផលកិច្ចសហប្រតិបត្តិការល្អប្រសើរ ទាំងក្នុង វិស័យសាធារណៈ និងវិស័យឯកជន។

រដ្ឋាភិបាលនៃចក្រភពអង់គ្លេស តែងតែជួយឧបត្ថម្ភ គាំទ្រ ចូលរួមចំណែកជាមួយនឹងបណ្តាដៃគូអភិវឌ្ឍន៍នានា ផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណងជា បន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ពិសេស ការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់នូវ អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា និងវគ្គបណ្តុះបណ្តាលដល់មន្ត្រីរាជការ និងនិស្សិត កម្ពុជាឱ្យទៅសិក្សានៅចក្រភពអង់គ្លេស ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here