ការនាំចេញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាននៅក្នុងរយៈពេល៩ខែ

ដោយ៖ សាវុធ
ភ្នំពេញ៖ ទំហំនាំចេញទំនិញរបស់កម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាននៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២០ ទោះបីជាសេដ្ឋកិច្ចសកល និងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យមានកំណើនអវិជ្ជមាន ដល់បណ្តាប្រទេសដៃគូពាណិជ្ជកម្ម។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចេញផ្សាយកាលពីថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ការធ្វើពាណិជ្ជកម្មនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង ១៣, ២ ប៊ីលានដុល្លារ គិតត្រឹមរយៈពេល ៩ខែ ឆ្នាំ២០២០នេះ បានកើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។

ទំនិញ ដែលមានកំណើនការនាំចេញខ្ពស់មានដូចជា អង្ករ កង់ គ្រឿងអគ្គិសនី និងផលិតផលកសិកម្មមួយចំនួន ជាពិសេស សណ្តែក គ្រាប់ស្វាយចន្ទី និងចេក ។

ជាមួយគ្នានេះដែរ ពាណិជ្ជកម្មនៃការនាំចូលវិញ បើគិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ២០២០ ការនាំចូលមានទំហំទឹកប្រាក់សរុបជាង ១១ ម៉ឺនលានដុល្លារអាមេរិក ដោយបានធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ ១១,១៦% ។

នៅក្នុងរយៈពេល៩ខែនេះដែរ ពាក់ព័ន្ធនឹងការវិនិយោគ កម្ពុជាទទួលបានគម្រោងវិនិយោគឯកជន ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មានចំនួន ១៨៨ គម្រោង ដោយមានលទ្ធភាពបង្កើតពលកម្មបាន ១២៥ ពាន់នាក់ ខណៈការវិនិយោគវិស័យសំណង់ ដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសំណើសុំសាងសង់សរុប ៣ ៧៣៩ គម្រោង, មានតម្លៃជាទឹកប្រាក់ ៥ ៨៦៨ លានដុល្លារអាមេរិក នៅលើផ្ទៃក្រឡាសាងសង់ជិត ១៣ លានម៉ែត្រការ៉េ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម ប្រចាំខែកញ្ញា ឆ្នាំ២០២០ វិញ កើនឡើង ០,៤% ធៀបនឹងខែមុន និង ២,៩% ធៀបនឹងខែកញ្ញា ទៅនឹងឆ្នាំ ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here