ហុងគ្រី៖ កម្ពុជា មានវិស័យសក្តានុពលសំខាន់ៗជាច្រើន ក្នុងការទាក់ទាញវិនិយោគិនហុងគ្រីមកបណ្ដាក់ទុន

ដោយ៖ លក្ខិណា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានលើកឡើងថា កម្ពុជាមានវិស័យសំខាន់ៗមួយចំនួន អាចទាញយកវិនិយោគិនហុងគ្រីមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

ថ្លែងក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ វិស័យកសិកម្មហុងគ្រី បានរួមចំណែកប្រមាន៨ភាគរយ នៃGDP ។ ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ការកែច្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យ ខ្លាំងក្នុងប្រទេសហុងគ្រី ។

លោកបន្តថា “សម្រាប់កម្ពុជាមានវិស័យសំខាន់ៗមួយចំនួន ដែលអាចទាញវិនិយោគិនហុងគ្រីមកបណ្ដាក់ទុនវិនិយោគក្នុងនោះ មាន ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ វារីវប្បកម្ម ការដាំដំណាំ និងសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ និងការគ្រប់គ្រងទឹក”។

លោកថា “ការផ្ដល់ឥណទាន ដល់ការអភិវឌ្ឍវិស័យកសិកម្មនិងការបណ្ដុះបណ្ដាលធនធានមនុស្សរយៈពេលខ្លី និងវែង ក៏ជាអាទិភាពមួយសម្រាប់ហុងគ្រីនិងកម្ពុជាផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ កម្ពុជា ក៏បានបង្ហាញសក្ដានុពលវិនិយោគមួយចំនួនទៅកាន់ថ្នាក់ដឹកនាំ និងវិនិយោគិនដែលអមដំណើរប្រទេសនេះ ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ក្នុងនោះដែរកម្ពុជាក៏បានបង្ហាញពីសក្ដានុពលនៃវិស័យកសិកម្មទៅកាន់ហុងគ្រីផងដែរ ។

លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកម្ពុជា បានមានប្រសាសន៍ថា សក្ដានុពលនៃវិស័យកសិកម្ម កម្ពុជា បាននិងកំពុងទាក់ទាញវិនិយោគក្នុងនិងក្រៅប្រទេសមកបណ្ដាក់ទុនវិនិយោគ ជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គោលនយោបាយនិងផែនការអភិវឌ្ឍន៍វិស័យកសិកម្ម ។

លោកបន្តថា បច្ចុប្បន្ននេះនៅក្នុងវិស័យកម្ពុជា មានដំណាំមួយចំនួនកំពុងទទួលបានការគាំទ្រលើទីផ្សារអន្តរជាតិ និងអាចឱ្យវិនិយោគ បណ្ដាក់ទុនវិនិយោគសម្រាប់នាំចេញក្នុងនោះរួមមាន ដំណាំស្រូវ ស្វាយ ដំឡូងមី ស្វាយចន្ទី ថ្នាំជក់ និងផលិតកម្មវារីវប្បកម្មផងដែរ ។

លោក បានថ្លែងថា “ក្នុងឆ្នាំ ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសហុងគ្រីក្នុងបរិមាណជិត២ពាន់តោន និងថ្នាំជក់ជាង១០០តោន ហើយក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រីក្នុងប្រទេសកម្ពុជារំពឹងថា នឹងអាចធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែមានសន្ទុះមួយកម្រិតទៀត”។

បើតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថានៅរសៀលថ្ងៃទី០៣ វិច្ឆិកា ២០២០នេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីក្នុងការចុះអនុស្សរណយោគយល់មួយចំនួនរវាងភាគីហុងគ្រីនិងកម្ពុជាលើវិស័យមួយចំនួនដែលបានព្រមព្រៀងគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here