ក្រុមហ៊ុនចំនួន៩ ទទួលបានអនុម័តជាគោលការណ៍ជាឈ្មួញជើងសានៅផ្សារមូលបត្រកម្ពុជា

ដោយ៖ សាវុធ
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា (SECC) បានសម្រេចអនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសមភាគីកណ្តាលជើងសាឧបករណ៍និស្សន្ទ គ្រប់គ្រងមូលនិធិ ថែរក្សាទ្រព្យសម្បត្តិជំនួស និងក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុចំនួន ៩ ថ្មី ដើម្បីពិនិត្យ និងសម្រេចចុះបញ្ជីជាផ្លូវការរបស់ក្រុមហ៊ុនទាំងនេះនៅពេលខាងមុខ។

គណៈកម្មការមូលបត្រកម្ពុជា បានសម្រេចអនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសមភាគីកណ្តាល ១ បន្ថែមទៀតគឺក្រុមហ៊ុន Golden Fortune Derivatives Exchange និងក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ ៣ រួមមាន ក្រុមហ៊ុន M M Foreign Exchange ក្រុមហ៊ុន NYFX និងក្រុមហ៊ុន Y.A.I Trading។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ SECC ផ្សព្វផ្សាយកាលពីសប្តាហ៍មុន។

ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ៣ បន្ថែមទៀតដូចជា ក្រុមហ៊ុន Rai Capital (Cambodia) ក្រុមហ៊ុន JB Phnom Penh Asset Management Plc. និងក្រុមហ៊ុន Royal Group Funds ព្រមទាំងអនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណក្រុមហ៊ុនឱ្យក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ១ គឺក្រុមហ៊ុន Royal Group Trustee។

ជាមួយគ្នានេះ គណៈកម្មការមូលបត្រកម្ពុជា ក៏បានអនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណបន្ថែមអាជីវកម្ម និងការអនុញ្ញាតបន្ថែមអាជីវកម្មរបស់ក្រុមហ៊ុន Cambodian Investors Capital Partners Plc. និងផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំការអនុញ្ញាតបន្ថែមអាជីវកម្មរបស់ក្រុមហ៊ុន A.U Reits Co.។

គណៈកម្មការមូលបត្រកម្ពុជាក៏អនុម័តជាគោលការណ៍លើការស្នើសុំអាជ្ញាប័ណ្ណក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន SF Capital Co. ព្រមទាំងអនុម័តជាគោលការណ៍លើសំណើសុំការអនុញ្ញាតបន្ថែមផលិតផលឧបករណ៍និស្សន្ទដែលត្រូវធ្វើការជួញដូររបស់ក្រុមហ៊ុន Cambodian Derivatives Exchange Co.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យបានពី CSX រហូតមកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ១៣ ក្នុងនោះក្រុមហ៊ុន ៧ ចុះបញ្ជីមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ៦ ផ្សេងទៀតចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម ខណៈក្រុមហ៊ុន ១៣ នេះបានប្រមូលមូលនិធិរួមគ្នាបានប្រហែល ២៥៣ លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here