វិស័យសេវាកម្ម និងសំណង់ បានជំរុញកំណើនសេដ្ឋកិច្ចចិន

ដោយ៖ ឆយ តូច
ភ្នំពេញ៖ សេដ្ឋកិច្ចចិនបានកើនឡើង ៤,៩% នៅក្នុងត្រីមាសទី ៣ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នធ ដោយបង្ហាញពិភពលោកពីអ្វីដែលអាចធ្វើទៅរួច នៅពេលដែល Covid-19 ត្រូវបានគ្រប់គ្រង។

ល្បឿនកំណើនសេដ្ឋកិច្ចប្រទេសនេះគឺយឺតជាងការរំពឹងទុករបស់សេដ្ឋវិទូ ប៉ុន្តែមានសញ្ញានៃភាពរឹងមាំ ដោយសារវិស័យសេវាកម្ម និងសំណង់កំពុងដំណើរការយ៉ាងល្អ។

សេដ្ឋកិច្ចចិន បច្ចុប្បន្ន បាននិងកំពុងងើបឡើងវិញពីស្ថានភាពមិនល្អជាប្រវត្តិសាស្ត្ររបស់ខ្លួនកាលពីត្រីមាសទី១ នៅពេលដែលជំងឺរាតត្បាត បានបង្ខំឱ្យប្រទេសនេះបិទទ្វារ។ ទិន្នន័យបានបង្ហាញថា ផលិតក្នុងស្រុកសរុបបានកើនឡើង ០,៧% ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២០ ។

លោក Julian Evans-Pritchard សេដ្ឋវិទូជាន់ខ្ពស់ក្រុមហ៊ុន Capital Economics និយាយថា សេដ្ឋកិច្ចរបស់ចិនបានបន្តការស្ទុះងើបឡើងវិញយ៉ាងលឿនកាលពីត្រីមាសមុន ដោយការស្ទុះងើបឡើងវិញបានរីកសាយភាយនៅទូទាំងប្រទេស និងមិនសូវពឹងផ្អែកការវិនិយោគ ដើម្បីជំរុញសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណើនសេដ្ឋកិច្ចតិចជាង ៥ ភាគរយជាធម្មតាអាចជាបុព្វហេតុនៃក្តីបារម្ភពិតប្រាកដនៅក្នុងប្រទេសចិន។ ប៉ុន្តែវាល្អប្រសើរ បើប្រៀបធៀបទៅនឹងការស្ទុះងើបឡើងវិញនៃភាពផុយស្រួយខ្លាំងដែលកំពុងកើតឡើងក្នុងប្រទេសធំៗផ្សេងៗទៀត។

មូលនិធិរូបិយវត្ថុអន្ដរជាតិ រំពឹងថា សេដ្ឋកិច្ចចិននឹងកើនឡើង ១,៩% ក្នុងឆ្នាំ ២០២០។ នោះបើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ៥,៨% នៅសហរដ្ឋអាមេរិក និង ៨,៣% នៅក្នុង ១៩ ប្រទេសដែលប្រើប្រាស់ប្រាក់អឺរ៉ូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here