ចិន ផ្តល់ជំនួយឥតសំណង ១៤០លានដុល្លារ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍នៅកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ចិន ផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ចំនួន៩៥០លានយាន់ (ប្រហែល១៤០លានដុល្លារ)សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា។ នេះបើយោងតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធានគណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនារួមកម្ពុជា-ចិន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ការបញ្ជាក់អំពីប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងរបស់ចិន សម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់នេះ បានធ្វើឡើងដោយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង នៅសណ្ឋាគារសូហ្វីតែល កាលពីល្ងាច នៅថ្ងៃទី១១ ខែតុលា ២០២០។

នៅក្នុងជំនួបរវាងភាគីទាំងពីរ លោក ហោ ណាំហុង បានលើកឡើងអំពីការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant) សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោងចំនួន៨។

គម្រោងត្រៀមចុះហត្ថលេខាមាន គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង គម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧ និងគម្រោងជំរុញផលិកម្មស្រូវ និងនាំចេញអង្ករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងដែលកំពុងរៀបចំមាន គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត និងគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុន COFCO របស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០.០០០តោន។

លោកលើកទៀតថា ភាគីមិត្តចិនបានយល់ព្រមទិញស្វាយ (ដែលបានចុះអនុស្សារណរួចហើយ) និងត្រីទៅប្រទេសចិន ស្នើជំរុញការនាំចូលឲ្យបានឆាប់។ កន្លងមកមិត្តចិនបានទិញកសិផលកម្ពុជា បានច្រើនមួយចំនួនហើយដូចជាចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទីជាដើម ហើយលោកក៏បានស្នើមិត្តចិនជួយទិញឲ្យបានច្រើនថែមទៀត ព្រមទាំងស្នើឲ្យមិត្តចិនជួយទិញ ម្រេច ទុរេន ស្ករស ផ្លែតាង៉ែន។ល។ ថែមទៀត។

លើសពីនេះ ឧបនាយករដ្ឋមន្ត្រី ស្នើភាគីមិត្តចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិនក្នុងការផ្ទេររោងចក្រពីប្រទេសចិន មកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិ អភិវឌ្ឍន៍កសិកម្ម។

ឧបនាយករដ្ឋមន្ត្រី ក៏បានលើកករណីវ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន និងស្នើភាគីមិត្តចិនផ្តល់វ៉ាក់សាំងនេះ ជាអំណោយដល់ប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក វ៉ាង យី បានលើកឡើងថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅអំឡុងពេលដែលចិនកំពុងរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា។ លោកលើកឡើងអំពីការចុះហត្ថលេខា FTA ដោយអះអាងថា ដោយសារសម្ដេចតេជោ ហ៊ុន សែន និង ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានខិតខំកន្លងមក។

ប្រមុខការទូតចិន បានលើកឡើងដែរថា ក្រោយ Covid-19 ចិន និងកម្ពុជានឹងរៀបចំផែនការអភិវឌ្ឍរួមគ្នា ហើយវិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយCovid-19 ទេ តែកាន់តែមានច្រើនឡើង។ លោកអះអាងទៀតថា ភាគីមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ ក្នុងការអភិវឌ្ឍកម្ពុជាដែលមានទឹកប្រាក់ចំនួន៩៥០លានយាន់ (ប្រហែល១៤០លានដុល្លារ)៕

LEAVE A REPLY

Please enter your comment!
Please enter your name here