ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់តៃវ៉ាន់ធ្វើឱ្យផ្សារហ៊ុនពិភពលោកដាំក្បាលចុះ

ដោយៈ សុខុម

ហុងកុង: ផ្សារហ៊ុនទូទាំងពិភពលោក បានធ្លាក់ចុះស្រឹបៗកាលពីថ្ងៃអង្គារ ទី២ ខែសីហា នៅពេលបណ្ដាវិនិយោគិនព្រួយបារម្ភថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ អាចបង្កភាពតានតឹងកាន់តែខ្លាំងឡើងៗ ជាមួយមហាយក្សចិន។


ជាលទ្ធផលនៃដំណើរទស្សនកិច្ច ដ៏រំជើងរំជួលនេះ បានធ្វើឱ្យផ្សារហ៊ុនអាមេរិក ផ្សារហ៊ុនអឺរ៉ុប និងផ្សារហ៊ុនអាស៊ី ធ្លាក់ចុះស្រឹបៗតែម្ដង។

តួយ៉ាង សន្ទស្សន៍ផ្សារហ៊ុនក្រុងហុងកុង Hang Seng បានធ្លាក់ចុះ២,៤% ហើយសន្ទស្សន៍ផ្សារហ៊ុនក្រុងសៀងហៃ Shanghai Composite Index នៃចិនដីគោក បានធ្លាក់ចុះ២,៣%។

ទន្ទឹមនឹងនេះដែរ ផ្សារហ៊ុនអាល្លឺម៉ង់DAX បានធ្លាក់ចុះ០,៣% ហើយផ្សារហ៊ុនបារាំង CAC 40 បានធ្លាក់ចុះ០,៤% ចំណែកឯផ្សារហ៊ុនអង់គ្លេស FTSE 100 នៅទ្រឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ លុយយ៉េនរបស់ជប៉ុន ដែលជារូបិយប័ណ្ណសុវត្ថិភាព តាំងពីដើមរៀងមក បានហក់ឡើងថ្លៃ០,៦% ធៀបនឹងប្រាក់ដុល្លារអាមេរិក។

លោកស្រី Nancy Pelosi បានចុះចតដោយសុវត្ថិភាព នៅអាកាសយានដ្ឋានក្នុងក្រុងតៃប៉ិ នៃកោះតៃវ៉ាន់ វេលាម៉ោងប្រមាណ១០ និង៣០ នាទីយប់ម៉ោងក្នុងស្រុក ដែលត្រូវនឹងម៉ោងប្រមាណ៩ និង៣០នាទីយប់ម៉ោងនៅកម្ពុជា។

នេះគឺជាលើកទី១ ហើយក្នុងប្រវត្តិសាស្ត្រ២៥ឆ្នាំ ដែលប្រធានសភាអាមេរិក ធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយបង្កភាពរំជើបរំជួលពេញពិភពលោក។ ដំណើរទស្សនកិច្ចរបស់លោកស្រី ធ្វើឡើងស្របពេលទំនាក់ទំនងការទូតអាមេរិក-ចិនធ្លាក់ចុះខ្លាំង និងទោះបីជារដ្ឋការរបស់ប្រធានាធិ​បតី ចូ បៃឌិន បានព្រមានមិនឱ្យលោកស្រី ឈប់សំចតនៅកោះតៃវ៉ាន់ យ៉ាងណាក្ដី។

មុនពេលលោកស្រីធ្វើដំណើរទៅ ដល់កោះតៃវ៉ាន់ រដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានថា ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់ គឺជា“កំហុសដ៏ធំដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ផ្នែកនយោ​បាយ” ព្រោះប្រទេសចិន តែងតែចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា យោធារបស់ប្រទេ​សចិន “នឹងមិនអង្គុយនៅស្ងៀមឡើយ” ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំង មានអារម្មណ៍ថា “អធិបតេយ្យភាព និងបូរណភាពទឹកដី” របស់ខ្លួនកំពុងត្រូវបានគំរាមកំហែង៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here