តើ​ថ្ងៃ​ជួញដូរ​ផ្សារ​ហ៊ុន​ដំបូង​នេះ​មាន​លក្ខណៈពិសេស​ខុសពី​ថ្ងៃ​ធម្មតា​យ៉ាងដូច​ម្ត៉េ​ច?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធម្មតា​ការជួញដូរ​នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (ហៅ​កាត់​ថា ផ.ម.ក. ឬ CSX) ថ្លៃ​ភាគហ៊ុន​អាច​ប្រែប្រួល​បានតែ​ក្នុង​ចន្លោះ ±៥% ប៉ុណ្ណោះ ក្នុង​មួយថ្ងៃ។ ប៉ុន្តែ​សម្រាប់​ភាគហ៊ុន​ទើប​ចុះបញ្ជី​ដំបូង ថ្លៃ​របស់​វា​អាច​ប្រែប្រួល​ពី-១០% ទៅ +៥០% បានសេចក្តីថា នៅ​ចន្លោះ​ពី៩០% ទៅ ១៥០% នៃ​ថ្លៃ​បោះផ្សាយ​នៅ​ទីផ្សារ​ដំបូង (ហៅ​កាត់​ថា ថ្លៃ IPO) ។

ឧទាហរណ៍​ថា ថ្លៃ IPO ស្មើ ១០.០០០ រៀល ដូច្នេះ​ថ្លៃ​ដំបូង​នៃ​ភាគហ៊ុន​នោះ​អាចជា​ថ្លៃ​ជួញដូរ​ណាមួយ ដែល​នៅ​ចន្លោះ ៩.០០០រៀល ដល់ ១៥.០០០រៀល។

សូម​បើក​រង្វង់​ក្រចក​បន្តិច​ថា ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ចាប់​បើកទទួល​បញ្ជា​ពី​ម៉ោង ០៨:០០ព្រឹក ដល់​ម៉ោង ១១:៣០​ព្រឹក។ ចំណែកឯ​ការជួញដូរ​នៅលើ​ទីផ្សារ ធ្វើឡើង ០៦ដង​ក្នុង​មួយថ្ងៃ គឺ​នៅ​ម៉ោង ០៩:០០ម្តង ០៩:៣០ម្តង ១០:០០ ១០:៣០ ១១:០០ និង ១១:៣០ គឺ​រៀងរាល់​កន្លះ​ម៉ោង​ម្តង ពី​ម៉ោង០៩:០០ រហូតដល់ ១១:៣០ រួច​បិទ​ផ្សារ​តែម្តង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការជួញដូរ​គឺ​មានន័យថា ជាការ​ផ្គូផ្គង​បញ្ជា​ដេញថ្លៃ​ទិញ និង​បញ្ជា​ដេញថ្លៃ​លក់ ដើម្បី​កំណត់ថា​តើ​ភាគហ៊ុន​នោះ ត្រូវ​ជួញដូរ​នៅ​ថ្លៃ​ប៉ុន្មាន និង​បរិមាណ​ភាគហ៊ុន​ប៉ុន្មាន។

នៅ​វគ្គ​ជួញដូរ​ទី១នៃ​ទីផ្សារ គឺ​ពី​ម៉ោង ០៨:០០ព្រឹក ដល់​ម៉ោង ០៩:០០ព្រឹក គឺជា​វគ្គ​ជួញដូរ​ដំបូង​បំផុត សម្រាប់​ភាគហ៊ុន​ដែល​ទើប​ចុះបញ្ជី​ថ្មី។ យើង​ទទួលយក​បញ្ជា​ដេញថ្លៃ​ទិញ/លក់​ពី​វិនិយោគិន តាមរយៈ​ក្រុមហ៊ុន​មូល​ប​ត្រ។ បញ្ជា​ទាំងនោះ ត្រូវ​រក្សាទុក​នៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ រង់ចាំ​ការផ្គូផ្គង​គ្នា​នៅ​ម៉ោង០៩:០០ ។ នៅ​វគ្គ​ជួញដូរ​នេះ វិនិយោគិន​អាចដាក់​ថ្លៃ​ចន្លោះ​ពី៩.០០០រៀល ដល់១៥.០០០រៀល ប្រសិនបើ​ថ្លៃ IPO ស្មើ ១០.០០០ រៀល។

នៅពេល​ដល់​ម៉ោង​ជួញដូរ ម៉ោង០៩:០០ ឧទាហរណ៍​ថា ការផ្គូផ្គង​ជោគជ័យ ថ្លៃ​ជួញដូរ​ឡើងដល់ ១២.០០០ រៀល។ ថ្លៃ ១២.០០០ រៀល នេះ​គឺជា​ថ្លៃ​ជួញដូរ​ដំបូង​របស់​ភាគហ៊ុន​ទើប​ចុះបញ្ជី នៅ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា។ បន្ទាប់មក​នៅ​វគ្គ​ជួញដូរ​ទី២ គឺ​ពី​ម៉ោង ០៩:០០ ដល់​ម៉ោង០៩:៣០ វិនិយោគិន​អាច​បន្ត​ដាក់​បញ្ជា​ទិញ/ លក់​បន្តបន្ទាប់​ទៀត​ជាធម្មតា។

ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ ថ្លៃ​អាច​ប្រែប្រួល​បាន​នៅ​ចន្លោះ​តែ ±៥% ប៉ុណ្ណោះ គឺ​វិនិយោគិន​អាចដាក់​បញ្ជា​ទិញ /លក់​នៅ​ថ្លៃ​ចន្លោះ​ពី ១១.៤០០ រៀល ដល់ ១២.៦០០ រៀល ប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here