លោកហុង សុហួរ ចែករំលែកនូវក្តីសបិននៃការរីកចម្រើនលើទីផ្សារមូលបត្រកម្ពុជា

ដោយៈ លោកហុង សុហួរ

ភ្នំពេញៈ ១ទសវត្សរ៍​កន្លងមក​នេះ ចាប់តាំងពី​ផ្សារ​មូលបត្រ​កម្ពុជា (ផ.ម.ក) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០១២ យើង​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​ពង្រឹង​ទីផ្សារ​មូលបត្រ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

​ក្នុងរយៈពេល១ទសវត្សរ៍​កន្លងមក​នេះ យើង​បានសម្រេច​នូវ​សមិទ្ធផល​ជាច្រើន ដែល​សមិទ្ធផល​ទាំងនេះ ​ផ្តល់​ជា​ឧត្តម​ប្រយោជន៍​ដល់​ក្រុមហ៊ុន និង​វិនិយោគិន និង​បាន​ចូលរួម​ចំណែក​ ក្នុង​ការ​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។

ថ្ងៃនេះ គឺជា​ថ្ងៃ​ដ៏​ពិសេស និង​ជា​កិត្តិយស​យ៉ាង​ធំធេង​បំផុត សម្រាប់​ផ្សារ​មូលបត្រ​កម្ពុជា ដោយ​បាន​រៀបចំ​នូវ “សន្និសីទ​ជាតិ​ស្តី​ពី​ផ្សារ​មូលបត្រ​កម្ពុជា” ក្រោម​ប្រធានបទ “១ទសវត្សរ៍​នៃ​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​កម្ពុជា និង​ដំណើរ​ឆ្ពោះទៅ​មុខ” ខណៈ​យើង​ប្រារព្ធ​ខួប ១០ឆ្នាំ នៃ ផ.ម.ក។

ដំណើរ​ឆ្ពោះទៅ​មុខ គឺ​យើង​គួរ​បង្កើត​ក្ដី​ស្រមៃ​រួម​មួយ ហើយ​ក្ដី​ស្រមៃ​រួម​នោះ គឺ​បង្កើត​ទីផ្សារ​មូលបត្រ​មួយ ដែល​មាន​ទំហំ​ជួញដូរ ៥០លាន​ដុល្លារ ក្នុង១ថ្ងៃ នៅក្នុង​រយៈពេល ៦-៧ឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខ្ញុំ​ជឿជាក់​ថា តួលេខ​នេះ​នឹងអាច​សម្រេច​បាន ប្រសិនបើ​មានការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដោយ​សហការ ធ្វើការ​សំដៅ​គោលដៅ​រួម ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ ប្រកបដោយ​មហិច្ឆតា​នេះ​ដែល​កំណត់​ដោយ ផ.ម.ក។

ថ្វីបើ​ទីផ្សារ​របស់​យើង​នៅ​មាន​ទំហំ​តូច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ប្រទេសជិតខាង ប៉ុន្តែ​ទំហំ​ជួញដូរ​របស់​យើង ​មានការ​កើនឡើង​យ៉ាង​ខ្លាំង ចាប់ពី​ឆ្នាំ២០១៩មក ដែល​ក្នុង​ឆ្នាំ ២០១៨ និង​ឆ្នាំ​មុនៗនោះ ទំហំ​ជួញដូរ​ប្រចាំថ្ងៃ មាន​ប្រមាណ១០០លាន​រៀល (២ម៉ឺន​ដុល្លារ) ឬតិច​ជាង​នេះ ហើយ​កើនឡើង​ដល់​ប្រមាណ៦៣០លាន​រៀល (ជិត ១៦ម៉ឺន​ដុល្លារ) ក្នុង​ឆ្នាំ២០១៩ តែ​បាន​ធ្លាក់ចុះ​បន្តិច មក​ត្រឹម​ប្រមាណ៤៧០លាន​រៀល (ជាង ១១ម៉ឺន​ដុល្លារ) ក្នុង​ឆ្នាំ២០២០ ដោយ​តែ​ការ​មកដល់​នៃ​ជំងឺ​កូ​វីដ១៩។

នៅក្នុង​ឆ្នាំ២០២១ ដោយសារតែ​ប្រសិទ្ធភាព និង​ភាព​វៃឆ្លាត នៃ​ការគ្រប់គ្រង​ស្ថានការណ៍​កូ​វី​ដបាន​ល្អ ពីសំណាក់​រាជរដ្ឋាភិបាល យើង​បាន​ត្រឡប់ទៅ​រក​ផ្លូវ​កំណើន​ឡើងវិញ ​ហើយដោយ​តម្លៃ​ជួញដូរ​ បាន​កើន​ដល់​ជាង ១ប៊ី​លាន​រៀល (២៧ម៉ឺន​ដុល្លារ)។

ដោយឡែក​ក្នុងរយៈពេល៤ខែ​ដំបូង ​នៃ​ឆ្នាំ២០២២នេះ យើង​សម្រេច​បាន​លទ្ធផល​គួរ​ឱ្យភ្ញាក់ផ្អើល ដោយ​ទំហំ​ជួញដូរ បាន​កើនឡើង​ដល់​ជាង ៤ប៊ី​លាន​រៀលក្នុង១ថ្ងៃ ដោយសារតែ​មាន​សកម្មភាព​ជួញដូរ​ច្រើន។

ចំពោះ​ការចូលរួម​ក្នុង​ទីផ្សារ​វិញ គឺ​មាន​វិនិយោគិន​ថ្មី ដែល​បាន​បើក​គណនី​ជួញដូរ ចន្លោះ​ពី២០០ ទៅ៥០០នាក់ជា​រៀងរាល់​ខែ រួម​ទាំង​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ និង​អំឡុង​ពេល​បិទ​ខ្ទប់​នានា​ផង​ដែរ។

ជា​ការពិត​ណាស់ ការ​រីកចម្រើន​នេះ ​ពិតជា​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង ​របស់​រាជរដ្ឋាភិបាល និយតករ​មូលបត្រ​កម្ពុជា និង​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

បច្ចុប្បន្ន ផ.ម.ក មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន១៦ ដែល​ក្រុមហ៊ុន​ចំនួន៩បាន​ចុះបញ្ជី​ជា​ភាគហ៊ុន និងក្រុមហ៊ុន​ចំនួន៧ទៀត បាន​ចុះបញ្ជី​ជា​សញ្ញា​បណ្ណ ហើយ​ក្រុមហ៊ុន​ទាំង១៥នេះ បាន​កៀរគរ​ទុន​ពីទី​ផ្សារ​មូលបត្រ​ប្រមា​ណ​ជា១,១២២ប៊ី​លាន​រៀល (២៨១ លាន​ដុល្លារ)។ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ទាំងនេះ នឹង​មិន​អាច​សម្រេច​បានទេ ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​យើង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ចំពោះ​ឯកឧត្តម​អគ្គបណ្ឌិតសភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​ មិនមែន​ធនាគារ ចំពោះ​ការដឹកនាំ​ចង្អុលបង្ហាញ​ដោយផ្ទាល់ ប្រកបដោយ​គតិបណ្ឌិត និង​ចក្ខុវិស័យ​វែងឆ្ងាយ។

ឆ្លៀត​ក្នុងឱកាស​នេះ ខ្ញុំ​ក៏សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត​ចំពោះរាជរដ្ឋាភិបាល ដែល​មានសម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ជា​ប្រមុខ បានខិតខំ​ប្រឹងប្រែង​ជំរុញ និង​បង្កើតឱ្យមាន​ទីផ្សារ​មូល​ប​ត្រ​នេះ​ឡើង និងសូម​ថ្លែង​អំណរគុណ ​​ឯកឧត្តម​បរិរក្សបណ្ឌិត គាត ឈន់ អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្រាប់​ការដឹកនាំ​ចង្អុលបង្ហាញ​ប្រកបដោយ​គតិបណ្ឌិត​។

រហូតមកដល់​ពេលនេះ គឺជា​ដំណើរ​ដ៏​អស្ចារ្យ​សម្រាប់ ផ​.​ម​.​ក ហើយ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា យើង​នឹង​ឈាន​ទៅដល់​កម្រិត​ខ្ពស់ ​មួយបន្ថែមទៀត នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​៕

អត្ថបទ ឯកឧត្តម ហុង សុ​ហួរ​ ​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។

LEAVE A REPLY

Please enter your comment!
Please enter your name here