តម្លៃទីផ្សារ Crypto ដាំក្បាលចុះពីជិត៣ មកត្រឹមក្រោម១ទ្រីលានដុល្លារជាលើកដំបូង

ដោយៈ សុខុម

ក្រុងឡុងដ៍: តម្លៃនៃទីផ្សាររូបិយប័ណ្ណឌីជីថល ឬ Crypto គិតត្រឹមថ្ងៃច័ន្ទ ទី១៣ ខែមិថុនា បានដាំក្បាលចុះយ៉ាងខ្លាំង មកនៅក្រោម១ទ្រីលានដុល្លារអាមេរិក ពោលគឺមកនៅត្រឹម៩២៦ពាន់លានដុល្លារអាមេរិក ជាលើកដំបូងចាប់តាំងពីខែមករា ដើមឆ្នាំ២០២១។ នេះបើយោងតាមគេហទំព័រទិន្នន័យ CoinMarketCap។

ទីផ្សាររូបិយប័ណ្ណ Crypto ទូទាំងពិភពលោក បានហក់ឡើងដល់ចំណុចកំពូលឈានដល់២,៩ទ្រីលានដុល្លារអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែវាបានដាំក្បាលចុះឥតឈប់រហូតមកទល់ពេលនេះ។

ទីផ្សាររូបិយប័ណ្ណ Crypto បានបាត់បង់តម្លៃ រហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិក គ្រាន់តែក្នុងរយៈពេល២ខែចុងក្រោយនេះ នៅពេលក្រុមអ្នកវិនិយោគ បានងាកចេញពីទ្រព្យសកម្ម ដែលមានហានិភ័យខ្ពស់ ដើម្បីទៅវិនិយោគលើទ្រព្យសកម្ម ដែលមិនសូវមានហានិភ័យ ស្របពេលពួកគេប្រឈមនឹងអតិផរណាខ្ពស់ និងការព្រួយបារម្ភខ្លាចការដំឡើងអត្រាការប្រាក់ ដោយបណ្ដាធនាគារកណ្តាលនឹងរារាំងដល់កំណើនសេដ្ឋកិច្ច។

រូបិយប័ណ្ណឌីជីថលដ៏ធំបំផុតគឺ Bitcoin ក្នុងទីផ្សារ Crypto បានធ្លាក់ចុះជាង១០%កាលពីថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ដែលជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងពេល១៨ខែ មកនៅត្រឹម២៣.៧៥០ដុល្លារអាមេរិក ក្នុងមួយកាក់។ បើគិតរហូតមកទល់នឹងពេលនេះ វាបានធ្លាក់ថ្លៃរហូតដល់ទៅប្រមាណ៥០% ចំណែកឯរូបិយប័ណ្ណឌីជីថល Ethereum ដែលតូចជាង Bitcoin បានធ្លាក់ថ្លៃ១៥% មកនៅត្រឹម១.២១០ដុល្លារអាមេរិក ក្នុងមួយកាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Susannah Streeter អ្នកវិភាគទីផ្សារ និងការវិនិយោគជាន់ខ្ពស់នៅក្រុមហ៊ុនសេវាហិរញ្ញវត្ថុអង់គ្លេស Hargreaves Lansdown បានលើកឡើងថា រូបិយប័ណ្ណឌីជីថល Bitcoin និង Ethereum កំពុងតែបន្តរងគ្រោះធ្ងន់ធ្ងរ។

អ្នកជំនាញរូបនេះបានបន្ថែទៀតថា រូបិយប័ណ្ណឌីជីថលទាំងនេះ គឺជាជនរងគ្រោះមុខព្រួញ ខណៈក្រុមអ្នកវិនិយោគព្រួយបារម្ភ អំពីការឡើងថ្លៃទំនិញប្រើប្រាស់នៅជុំវិញពិភពលោក៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here