ការប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ កើនដល់ជាង ៩០៧លានដុល្លារ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ការប្រមូលប្រភេទពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញសរុបបានប្រមាណជាង ៣៦៣១ប៊ីលានរៀល (ជាង ៩០៧លានដុល្លារ ស្មើនឹងជាង ៧១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ បើធៀបនឹងនៅ ឆ្នាំ២០១៩ ការប្រមូលពន្ធប្រភេទនេះ សរុបបានជាង ២៩១៧ ប៊ីលានរៀល ស្មើប្រមាណជាង ៦៧ភាគរយ ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលថ្នាក់ជាតិ។
របាយការណ៍ បានបង្ហាញឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ ការប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ បានប្រមាណជាង ៣១២ ប៊ីលានរៀល។

របាយការណ៍ បានឱ្យដឹងទៀតថា រយៈពេល ៧ ខែ ដើមឆ្នាំ២០២០ នេះ ការប្រមូលចំណូលពន្ធប្រភេទនេះ សរុបបានប្រមាណជាង ៣៦៣១ប៊ីលានរៀល ត្រូវប្រមាណជាង ៧១ភាគរយ នៃច្បាប់ហិរញ្ញវត្ថុ ដែលបានកំណត់ការប្រមូលចំណូលពន្ធប្រភេទនេះ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ៥ ០៨០ប៊ីលានរៀល ក្នុងនោះ ការប្រមូលចំណូលពន្ធខាងលើ សម្រាប់ការប្រមូលពន្ធពីរូបវន្តបុគ្គល បានចំនួនប្រមាណជាង ៥៤៦ប៊ីលានរៀល និងការប្រមូលចំណូលពីនីតិបុគ្គលបានជាង ៣ ០៨៥ ប៊ីលានរៀល ។

ក្នុងរយៈពេលដូចគ្នាទៅឆ្នាំ២០១៩ ការប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ បានហក់ឡើងខ្ពស់ជាង ៥ភាគរយ ខណៈនៅឆ្នាំ២០១៩ ប្រមូលបានជាង ២ ៩១៧ ប៊ីលានរៀល ត្រូវជា ៦៧ ភាគរយ ប៉ុណ្ណោះ ក្នុងនោះ ការប្រមូលចំណូលពន្ធពីរូបវន្តបុគ្គលបានជាង ៥១៧ប៊ីលានរៀល និងការប្រមូលពន្ធពីនីតិបុគ្គលបានជាង ២ ៤០០ ប៊ីលានរៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ២០២០ នេះ ទោះជាការប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ បានហក់ឡើងខ្ពស់ជាងឆ្នាំ ២០១៩ ក្នុងរង្វង់ប្រមាណជា ៥ភាករយ ក៏ដោយ, តែចំពោះការប្រមូលចំណូលពន្ធរួមមាន៖ ពន្ធលើមុខទំនិញ និងសេវាប្រាស់, ប្រភេទពន្ធលើពាណិជ្ជកម្មអន្តរជាតិ, ពន្ធផ្សេងៗ, អំណោយ, និងចំណូលផ្សេងៗទៀត បានបន្តស្រុតចុះ, ខណៈនៅក្នុងឆ្នាំ២០១៩ ការប្រមូលចំណូលពន្ធប្រភេទនេះទទួលបានលទ្ធផលល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here