រដ្ឋាភិបាលចេញអនុក្រឹត្យលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងវិស័យមូលបត្រ

ដោយ: សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ។

អនុក្រឹត្យនេះមានគោលបំណង ផ្តល់ការលើកទឹកចិត្តពន្ធដារ ដើម្បីអភិវឌ្ឍវិស័យមូលបត្រកម្ពុជា ដោយកំណត់ពីប្រភេទ សកម្មភាព និងលក្ខ​ខណ្ឌនានា ដែលជាកម្មវត្ថុនៃការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ ដោយមានវិសាលភាពចំពោះ ទី១. ក្រុមហ៊ុនឬសហគ្រាសបោះផ្សាយមូលបត្រកម្មសិទ្ធិ និង ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ ដែលទទួលបានការអនុញ្ញាត ពីនិយ័តករមូលបត្រកម្ពុជា(សរសេរកាត់ថា ន.ម.ក.) និងបានចុះបញ្ជីជួញដូរ មូលបត្រនៅទីផ្សារមូលបត្រប្រតិស្រុត។

ទី២ មូលបត្ររដ្ឋ ដែលសំដៅដល់បណ្ណ សញ្ញាបណ្ណ និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀតដែលបញ្ជាក់ពីការ ទទួលស្គាល់បំណុលដែលបានបោះផ្សាយក្នុងនាមរាជរដ្ឋាភិបាល ដូចដែលបានបញ្ញត្តនៅក្នុងមាត្រា៣ នៃច្បាប់ ស្តីពីមូលបត្ររដ្ឋ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ អ្នកវិនិយោគសាធារណៈដែលកាន់កាប់ និង/ ឬ ទិញ-លក់មូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និងឬមូលបត្របំណុល ដែលបានបោះផ្សាយលក់ជាសាធារណៈ និងបានចុះបញ្ជីនៅទីផ្សារមូលបត្រប្រតិស្រុត។ សម្រាប់ គោលដៅនៃអនុក្រឹត្យនេះ អ្នកវិនិយោគសាធារណះ រួមបញ្ចូលទាំងអ្នកវិនិយោគនិវាសនជននិងអនិវាសនជន។

សកម្មភាព និងលក្ខខណ្ឌនៃការលើកទឹកចិត្តពន្ធដារមានដូចតទៅ:

ក្រុមហ៊ុន សហគ្រាសបោះផ្សាយមូលបត្រកម្មសិទ្ធិ និង/ឬមូលបត្របំណុលលើកដំបូងជាសាធារណះ ការលើកទឹកចិត្តពន្ធដា រមានរយៈពេល ៣ឆ្នាំ និងត្រូវគិតចាប់ផ្តើមពី ១- ដើមឆ្នាំជាប់ពន្ធដែលមូលបត្រនោះត្រូវបានបោះផ្សាយលក់ជាសាធារណះ ក្នុងករណីដែលការបោះ ផ្សាយលក់នោះធ្វើឡើងក្នុងអំឡុងពេល៦ខែ ដើមឆ្នាំជាប់ពន្ធនោះ។

២-ដើមឆ្នាំជាប់ពន្ធបន្ទាប់ពីឆ្នាំជាប់ពន្ធ ដែលមូលបត្រនោះត្រូវបោះផ្សាយលក់ជាសាធារណៈ ក្នុងករណីដែលការបោះផ្សាយលក់នោះ ធ្វើឡើងក្នុងអំឡុងពេល៦ខែចុងឆ្នាំជាប់ពន្ធ។ ៣-អំឡុងពេលណាមួយ ដែលទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លក្ខខណ្ឌដែលទទួលបានការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូល ក្នុងលក្ខខណ្ឌដូចខាងក្រោម ១-ក្រុមហ៊ុន សហគ្រាសដែលបោះផ្សាយមូលបត្រកម្មសិទ្ធិក្នុងទំហំលើសពី២០ភាគរយ នៃសិទ្ធិបោះឆ្នោត និង/ឬបោះផ្សាយមូលបត្របំណុល ក្នុងទំហំលើសពី២០ភាគរយ នៃទ្រព្យសកម្មសរុប និងមាន ឥណប្រតិទានយ៉ាងតិច៧ឆ្នាំ នឹងទទួលបាននូវការលើកទឹកចិត្តដោយបន្ថយពន្ធ លើប្រាក់ចំណូលចំនួន៥០ភាគរយ នៃពន្ធលើប្រាក់ចំណូ​ល​ត្រូវបង់។

២-ក្រុមហ៊ុន សហត្រាសដែលបោះផ្សាយមូលបត្រកម្មសិទ្ធិ ក្នុងទំហំ ២០ភាគរយឬតិចជាង នៃសិទ្ធិបោះឆ្នោត និងឬបោះផ្សាយមូលបត្របំណុលក្នុងទំហំ២០ភាគរយ ឬតិចជាងនៃទ្រព្យសកម្មសរុបនឹង ទទួលបាននូវការលើកទឹកចិត្តពន្ធ តាមសមាមាត្រចុះដោយយក២០,០០១ ជាគោល ដែលក្នុងនោះ:

– ការបោះផ្សាយមូលបត្រកម្មសិទ្ធិ: ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលតាមសមាមាត្រ មិនឲ្យ លើសពី ២០(ម្ភៃ ប៊ីលានរៀល។

– ការបោះផ្សាយមូលបត្របំណុល ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលតាមសមាមាត្រ មិនឱ្យ លើសពី ៨(ប្រាំបី) ប៊ីលានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here