សិក្សា​កត្តាចំនួន២ដែលអាចធ្វើឱ្យតម្លៃហ៊ុនមានការប្រែប្រួលជាប្រចាំ

ដោយ: ម៉ាលីស

ភ្នំពេញ: ជាទូទៅ ថ្លៃភាគហ៊ុនអាចប្រែប្រួលជារៀងរាល់ថ្ងៃ ដែលអាចនិយាយបានយ៉ាងសាមញ្ញថា ដោយសារកម្លាំងនៃផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ បានសេចក្តីថា ប្រសិនបើមានការផ្គត់ផ្គង់ (ការលក់) ច្រើនជាងតម្រូវការ (ការទិញ) នោះថ្លៃមានទំនោរធ្លាក់ចុះ ហើយផ្ទុយមកវិញ ប្រសិនបើមានអ្នកត្រូវការ (អ្នកទិញ) ច្រើនជាងអ្នកផ្គត់ផ្គង់ (អ្នកលក់) នោះថ្លៃនឹងមានទំនោរកើនឡើងវិញ។


ថ្លៃភាគហ៊ុនអាចប្រែប្រួលគ្រប់ពេលទៅតាមការយល់ឃើញឬការវិនិច្ឆ័យរបស់វិនិយោគិន។ ជាទូទៅ បើទោះជាព័ត៌មានដែលបានផ្សព្វផ្សាយឬដែលមាននៅលើទីផ្សារដូចគ្នាតែមួយក៏ដោយ ក៏ការវិភាគរបស់វិនិយោគិនមិនប្រាកដថាដូចគ្នាដែរ។

ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមពន្យល់មូលហេតុដែលនៅពីក្រោយការសម្រេចចិត្តរបស់វិនិយោគិន ដោយចែកជាពីរកត្តាធំៗគឺ:

១. កត្តាវិទ្យាសាស្ត្រ ៖ សំដៅទៅលើការសម្រេចចិត្តទិញ ឬលក់ភាគហ៊ុនតាមរយៈការវិភាគល្អិតល្អន់ជាលក្ខណៈវិទ្យាសាស្ត្រទៅលើលទ្ធភាពចំណេញ និងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ វិនិយោគិនពិចារណាលើព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ទាំងព័ត៌មានពីអតីតកាលនិងបច្ចុប្បន្នកាល រួចធ្វើការវាយតម្លៃអំពីភាពរឹងម៉ាំរបស់ក្រុមហ៊ុន(ទាំងផ្នែកហិរញ្ញវត្ថុនិងអាជីវកម្ម) ហើយប៉ាន់ស្មាន(educated guess) អំពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូច្នេះ យើងអាចនិយាយបានថា រាល់ថ្លៃដែលវិនិយោគិនដាក់ទិញ ឬលក់ គឺបានឆ្លងកាត់ការពិចារណាលើព័ត៌មានដែលមានពាក់ព័ន្ធនឹងក្រុមហ៊ុននោះរួចហើយ (គ្រាន់តែការពិចារណាឃើញខុសៗគ្នា)។ នៅពេលមានព័ត៌មានថ្មីផ្សព្វផ្សាយ ហើយអាចប៉ះពាល់ដល់ស្ថានភាពនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន នោះវិនិយោគិននឹងគិតបញ្ចូលព័ត៌មាននោះទៅក្នុងការពិចារណារបស់គាត់បន្ថែមទៀត ហើយអាចសម្រេចចិត្តប្តូរថ្លៃទិញ/លក់របស់គាត់។ ប៉ុន្តែជាញឹកញាប់ បើទោះជានៅលើទីផ្សារមិនមានព័ត៌មានថ្មីក៏ដោយ ក៏ថ្លៃភាគហ៊ុននៅតែប្រែប្រួល នោះគឺដោយសារតែភាពមិនច្បាស់លាស់នៃអនាគត ទាក់ទងនឹងសកម្មភាពអាជីវកម្មនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយនិងការប្រែប្រួលនៃការយល់ឃើញរបស់វិនិយោគិនទៅតាមពេលវេលា។

២ កត្តាចិត្តសាស្រ្ត ៖ សំដៅដល់ការសម្រេចចិត្តទិញ / លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណា(ឬភ្លេចពិចារណា) ល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ(Fear) ហើយនិងភាពលោភលន់(Greed)។ ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោរត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ (Fear)។ ការដណ្តើមគ្នាលក់ចេញនេះ អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ផ្ទុយមកវិញ ព័ត៌មានល្អៗពីក្រុមហ៊ុនមួយឬពីទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ (Greed)។ ការដណ្តើមគ្នាលក់/ទិញ បូករួមនឹងចលនាកេងរកប្រាក់ចំណេញនៅលើទីផ្សារ (speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា(intrinsic value)។

ជាទូទៅ កត្តាទាំងពីរនេះ (កត្តាវិទ្យាសាស្ត្រនិងកត្តាចិត្តសាស្រ្ត) ចែកមិនដាច់ពីគ្នាទេ។ វិនិយោគិនតែងគិតពិចារណាទៅលើគុណភាពរបស់ក្រុមហ៊ុន(តិចឬច្រើន) ប៉ុន្តែក៏តែងមានចិត្តមិនស្ងប់ច្រួលច្របល់ក្នុងអារម្មណ៍ នៅពេលមានព្រឹត្តិការណ៍សំខាន់ៗ (ល្អឬមិនល្អ)កើតឡើង។

ទន្ទឹមគ្នានេះដែរ ក៏មានផងដែរចលនា “ទស្សទាយ”ថ្លៃហ៊ុននៅលើទីផ្សារ ដោយផ្អែកលើការប៉ាន់ស្មានអំពីទំនោរទិញ/លក់ភាគហ៊ុននៅលើទីផ្សារ។ ការប៉ាន់ស្មាននេះត្រូវបានឡើងដោយផ្អែកលើទិន្នន័យជួញដូរភាគហ៊ុននាពេលកន្លងទៅ និងដោយមានក្រាហ្វិចកុំព្យូទ័រជាជំនួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here