ទីផ្សារមូលធននៅកម្ពុជាចាប់ផ្ដើមរីកចម្រើនលឿនក្នុងរយៈប៉ុន្មានឆ្នាំនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ ទីផ្សារមូលធននៅប្រទេសកម្ពុជា បានអភិវឌ្ឍយ៉ាងលឿនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបំផុសអ្នកចូលរួម និងនិយ័តករ ក្នុងការទាញប្រយោជន៍ ពីឥទ្ធិពលនៃទីផ្សារនេះ ដើម្បីលើកកម្ពស់កិច្ចការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានបង្ហាញថា ការដាក់ប្រាក់សន្សំទៅក្នុងការវិនិយោគបែបនេះ អាចរួមចំណែកដល់អនាគតបៃតង និងប្រកបដោយភាពធន់ សម្រាប់កម្ពុជា ដោយជួយដល់ការសម្រេចបាន អាទិភាពសម្រាប់ឆ្នាំ ២០២២ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបច្ចុប្បន្នស្ថិតនៅក្រោមការដឹកនាំរបស់កម្ពុជា។ វាអាចជំរុញភាពធន់របស់ប្រទេស ទៅនឹងការប្រែប្រួលអាកាសធាតុ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម (MSMEs) ជាពិសេសគាំទ្រដល់ភាពជាសហគ្រិនរបស់ស្ត្រី។
យ៉ាងណាក្ដី បញ្ហាប្រឈមសំខាន់មួយ ក្នុងការសម្រេចបានគោលដៅនេះ គឺថាទោះបីជាមានការរីកចម្រើន នាពេលថ្មីៗនេះក៏ដោយ ក៏ទីផ្សារសញ្ញាបណ្ណសាជីវកម្មកម្ពុជា នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ សម្រាប់ផ្នែកតម្រូវការ វាខ្វះមូលដ្ឋានរឹងមាំ និងចម្រុះនៃអ្នកវិនិយោគពីស្ថាប័នក្នុងស្រុក។

ទោះបីជាធនាគារពាណិជ្ជ មួយចំនួនជាអ្នកវិនិយោគធំ នៅក្នុងទីផ្សារនេះក៏ដោយ មូលនិធិសោធននិវត្តន៍ និងក្រុមហ៊ុនធានារ៉ាប់រងនានា បន្តរក្សាសាច់ប្រាក់នៅក្នុងគណនីធនាគារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្ដីប្រកាសដដែលបញ្ជាក់ថា មូលនិធិសោធននិវត្តន៍ និង ក្រុមហ៊ុនធានារ៉ាប់រង ជាទូទៅគឺជាអ្នកវិនិយោគ ទីផ្សារសញ្ញាបណ្ណរយៈពេលវែង ប៉ុន្តែភាគច្រើននៃប្រាក់សោធននិវត្តន៍ និងវិក័យប័ត្រធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា គឺគិតជាដុល្លារអាមេរិក ដែលធ្វើឱ្យវាកាន់តែលំបាកសម្រាប់ ប្រទេស ក្នុងការអភិវឌ្ឍទីផ្សារសញ្ញាបណ្ណរូបិយវត្ថុក្នុងស្រុក។

សម្រាប់ផ្នែកផ្គត់ផ្គង់ អ្នកចេញសញ្ញាបណ្ណ ត្រូវបានទាក់ទាញតែតាមរយៈកម្មវិធីលើកទឹកចិត្តពន្ធរបស់រាជរដ្ឋាភិបាល។ ការលើកទឹកចិត្តពន្ធបច្ចុ​ប្បន្ននឹងផុតកំណត់ក្នុង ខែមករា ឆ្នាំ២០២២ ដែលអាចធ្វើឱ្យមានភាពស្រពេ​ចស្រពិលសម្រាប់ចក្ខុវិស័យ នៃការចេញសញ្ញាបណ្ណសាជីវកម្ម។

លោក Kosintr Puongsophol ជាអ្នកឯកទេសផ្នែកហិរញ្ញវត្ថុនៅនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់(ERCD​) នៃធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ដើម្បីប្រមូលទុនឯកជន សម្រាប់ការវិនិយោគប្រកបដោយនិរន្តរភាព វាមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាទាំងនេះ និងបន្តអភិវឌ្ឍសមត្ថភាពទូទៅរបស់ទីផ្សារ។

លោកបន្តថា “និយតករគួរតែបញ្ជាក់ឱ្យច្បាស់ថា ស្ថាប័នហិរញ្ញវត្ថុ និងអ្នកចេញមូលបត្រ ត្រូវតម្រូវឱ្យបញ្ចូលការពិចារណាអំពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងការផ្តល់ប្រាក់កម្ចី និងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here