ក្រុមហ៊ុន RMA ទទួលបាន​ចំណូល​ជាង ១៦១លាន​ដុល្លារ​ក្នុង​ឆមាស​ទី១

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ ក្រុមហ៊ុន អ អិ​ម អេ (RMA) (ខេ​ម​បូ​ឌា) ម.ក ទទួលបាន​ចំណូល​ចំនួន ២១៧ ប៊ី​លាន​រៀល នៅ​ត្រីមាស​ទី២ ឆ្នាំ២០២០ ថយ​ចុះមក​ត្រឹម ៤០,៩% បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី២ ឆ្នាំ២០១៩ ដែលមាន​ចំនួន ៣៦៦,៩ ប៊ី​លាន រៀល។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន ដែល​បាន​ដាក់ជូន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ។

ប៉ុន្តែ​របាយការណ៍​ខាងលើ បានឱ្យដឹងថា ចំណូល​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២០ មាន​ចំនួន ៦៤៥,៩ ប៊ី​លាន​រៀល (ជាង ១៦១លាន​ដុល្លារ) ខ្ពស់ជាង​ឆមាស​ទី១ ឆ្នាំ ២០១៩ ដែលមាន​ចំនួន ៦៤២ ប៊ី​លាន​រៀល។ ការកើនឡើង​នេះ បណ្តាលមកពី​ការទទួលបាន​ចំណូល​ដ៏​ខ្លាំង​ក្នុង​ត្រីមាស​ទី១ឆ្នាំ២០២០ ។

ទន្ទឹមនឹងនេះ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី២ ឆ្នាំ២០២០ ដែលមាន​ចំនួន ១៨,៨ ប៊ី​លាន​រៀល បាន​ថយចុះ​ចំនួន ៤៥,៥% បើ​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី២ ឆ្នាំ២០១៩ ដែលមាន​ចំនួន ៣៤,៥ ប៊ី​លាន​រៀល។ ប្រាក់ចំណេញ​នៅ​ឆមាស​ទី១ ឆ្នាំ២០២០ មាន​ចំនួន ៥៨,៤ ប៊ី​លាន​រៀល ៣,៨% ទាប​ជាង​ប្រាក់ចំណេញ​នៅ​ឆមាស​ទី១ ឆ្នាំ២០១៩ ដែលមាន​ចំនួន ៦០,៧ ប៊ី​លាន​រៀល។

ទ្រព្យសកម្ម​សរុប​គិត​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មាន​ចំនួន ៤០៨,៨ ប៊ី​លាន​រៀល ១៦,៩% ទាប​ជាង​ទ្រព្យសកម្ម​សរុប​គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមាន​ចំនួន ៤៩១,៧ ប៊ី​លាន​រៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងវិញទៀត បំណុល​សរុប​គិត​ត្រឹម​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មាន​ចំនួន ២៤៧,៩ ប៊ី​លាន​រៀល ៣៤% ទាប​ជាង​បំណុល​សរុប​គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមាន​ចំនួន ៣៧៥,៤ ប៊ី​លាន​រៀល។

មូលធន​របស់​ក្រុមហ៊ុន​នៅ​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មាន​ចំនួន ១៦០,៩ ប៊ី​លាន​រៀល ដែល​កើនឡើង​ចំនួន៤៤,៦ ប៊ី​លាន​រៀល​លើ​មូលធន​ក្រុមហ៊ុន​ចំនួន ១១៦,៣ ប៊ី​លាន​រៀល គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​លទ្ធភាព​ចំណេញ​ដ៏​រឹងមាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here