ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កើនឡើង៣១ភាគរយក្នុងត្រីមាសទី២ឆ្នាំនេះ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលក្រុមហ៊ុនរដ្ឋ ទទួលបានប្រាក់ចំណូល កើនឡើង ៣១ ភាគរយនៅក្នុងត្រីមាសទី ២ នៃឆ្នាំនេះ ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន ដែលបានដាក់ទៅផ្សារមូលបត្រកម្ពុជា។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុប ១៨,៣៧ លានដុល្លារនៅត្រីមាសទី២ ឆ្នាំ២០២០ កើនឡើង ៣១,៤១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយការណ៍បានបង្ហាញថា ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនមានចំនួន ៣.៨៦ លានដុល្លារ កើនឡើង ៧១.៤៤ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចប្រជុំភាគទុនិកទូទៅប្រចាំឆ្នាំលើកទី ៨ របស់ខ្លួននៅខែមិថុនា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ខ្លួនកំពុងកំណត់ទិសដៅប្រាក់ចំណូលចំនួន ៧៩,៨៣ លានដុល្លារនៅឆ្នាំ ២០២០ ជាមួយនឹងប្រាក់ចំណេញសុទ្ធជាង ២៤,៦០ លានដុល្លារ។
នៅឆ្នាំ ២០១៩ ប្រាក់ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មាន៥២,៧៩ លានដុល្លារ ធ្លាក់ចុះជាង ១៨ ភាគរយពីចំនួន ៦៤,៦៥ លានដុល្លារនៅឆ្នាំ ២០១៨។

សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានគម្រោងផលិតទឹកស្អាតចំនួន ៥៨.៣១៣.៦០០ ម៉ែត្រគូបជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែមចំនួន ៤៩.៥០០ ម៉ែត្រ។

នៅឆ្នាំ ២០១៩ ក្រុមហ៊ុនបានផលិតទឹកស្អាតចំនួន ២២១.៦៥៦.៥០៥ ម៉ែត្រគូបដោយមានកំណើនចំនួនអ្នកប្រើប្រាស់ថ្មីចំនួន ២៣.០៣៥ នាក់នៅក្នុងទីក្រុងភ្ជាប់នឹងទឹកស្អាត។

ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២០ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាត ២២៧.០០៩.២៩០ ម៉ែត្រគូប និងបន្ថែមអ្នកប្រើប្រាស់ថ្មីចំនួន ២ ម៉ឺននាក់បន្ថែមទៀត។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ទ្រព្យសម្បត្តិសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានតម្លៃជាង ៤០៩ លានដុល្លារអាមេរិក ឬកើនឡើង ៤,៣៦ ភាគរយ។ របាយការណ៍បង្ហាញថា មូលធនសរុបរបស់ក្រុមហ៊ុនគឺ ២២៩ លានដុល្លារ កើនឡើង ២,៤៥ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here