ការបង់រំលស់និងការបង់ផ្ដាច់មានប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋ?

        ដោយលក្ខិណា

ភ្នំពេញៈ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគេឃើញថា សកម្មភាពនៃការទិញរបស់បង់រំលស់របស់ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ទាំងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ទាំងអចលទ្រព្យ។

ទន្ទឹងមនឹងនេះដែរ ក៏មានមតិមួយចំនួនលើកឡើងពីហានិភ័យ នៃការបង់រំលស់ និងចង់អោយមានការទិញបង់ផ្ដាច់ ដូច្នេះតើការបង់រំលស់ និងការទិញរបស់ដោយបង់ផ្ដាច់ទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?។

នាយកប្រតិបត្តិអាជីវកម្មភតិសន្យាហិរញ្ញវត្ថុ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ លោកប្រាវ សុខមីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សេវាកម្មបង់រំលស់នៅក្នុងទីផ្សារប្រទេសកម្ពុជា កំពុងមានការពេញនិយមខ្លាំងណាស់ ហើយការបង់រំលស់នៅក្នុងប្រទេសកម្ពុជា សង្កត់ធ្ងន់ទៅលើសម្ភារប្រើប្រាស់ ដូចជា គ្រឿងអេឡិចត្រូនិក ម៉ូតូ ឡាន ឬក៏យានយន្តផ្សេង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រៅពីនេះផងដែរ សេវាកម្មនេះ ក៏បានឈានមួយជំហ៊ានទៅទៀត រកវិស័យអាជីវកម្ម ដោយផ្ដល់អោយម្ចាស់អាជីវកម្ម នូវសេវាបង់រំលស់សម្រាប់អាជីវកម្ម។

លោកបន្តថា “លក្ខខ័ណ្ឌដែលពលរដ្ឋអាចប្រើប្រាស់ សេវាកម្មបង់រំលស់បាន គឺមិនមានភាពស្មុគ្រស្មាញទេ ដោយអតិថិជនយកទ្រព្យ ដែលគាត់រំលស់នោះធ្វើជាទ្រព្យបញ្ចាំ ដែលវាប្រៀបដូចជាការជួលទ្រព្យទាំងនោះទៅប្រើប្រាស់ និងបង់ប្រាក់ឈ្មួលទៅស្ថាប័នហិរញ្ញវត្ថុនោះជាប្រចាំខែ”។ លោកបន្តថា “បន្ទាប់ពីបង់ចប់ពួកគាត់អាចយកទ្រព្យនោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ នៅពេលពួកគេបង់ប្រាក់ចប់ជាមួយស្ថាប័នហិរញ្ញវត្ថុ ដែលពួកគេបានប្រើប្រាស់”។

លោកបន្ថែមថា អត្ថប្រយោជន៍នៃការបង់រំលស់នេះដែរ គឺបុគ្គលរូបនោះអាចយកលុយដែលនៅសល់ ទៅប្រើប្រាស់ឬពង្រីកអាជីវកម្ម ដែលអាចរកប្រាក់ចំណេញបានច្រើនជាងការ ដែលគាត់យកលុយទាំងដុលទៅទិញរបស់បង់ផ្ដាច់ ។ តែអ្វីដែលបុគ្គលអ្នកបង់រំលស់ត្រូវធ្វើនោះ គឺការគោរពទៅតាមកិច្ចសន្យាទាំងពីរភាគី មានន័យថាគឺត្រូវបង់ទៅក្រុមហ៊ុនភតិសន្យាវិញ នៅថ្ងៃកំណត់ណាមួយ ហើយបើសិនជាគាត់មានបញ្ហាហិរញ្ញវត្ថុណាមួយ ពួកគាត់អាចមកជជែកជាមួយក្រុមហ៊ុន ផ្ដល់សេវាដើម្បីរកដំណោះ ស្រាយ។

ទន្ទឹមនឹងកំណើននៃសេវាកម្ម បង់រំលស់នៅកម្ពុជាមានកាន់តែច្រើននោះ ក៏មានបុគ្គលខ្លះ ជួបនឹងវិបត្តិដោយសារតែការទិញរបស់បង់រំលស់ លើសពីសមត្ថភាពបង់សងទៅវិញ ដែលគេហៅថាបំណុលវ័ណ្ឌក។

សេដ្ឋវិទូមួយចំនួនក៏បានផ្ដល់ជាយោបល់ ដល់ពលរដ្ឋត្រូវសិក្សាពីចំណូលថា តើអាចរ៉ាប់រងការបង់សងត្រលប់ទៅវិញបានដែរទេ ជៀសវាងដល់ការរឹបអូសទ្រព្យនោះទៅវិញពីសំនាក់ក្រុមហ៊ុនផ្ដល់សេវាភតិសន្យាហិរញ្ញវត្ថុនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here