យ៉ាងយូរនៅចុងឆ្នាំនេះ លំហូរឯកសារទាំងឡាយ នឹងធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ យ៉ាងយូរនៅចុងឆ្នាំ២០២០នេះ លំហូរឯកសារទាំងឡាយ រួមទាំងការចុះហត្ថលេខាផងដែរ ដែលត្រូវធ្វើឡើងតាមប្រព័ន្ធ Online ស្ទើរទាំងអស់ ដើម្បីចូលរួមកាត់បន្ថយការប្រើក្រដាសស្នាមស្ទើរទាំងស្រុង។ នេះបើយោងតាមការលើកឡើងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ការលើកឡើងរបស់លោកទេសរដ្ឋមន្ត្រីនេះ ក្នុងសិក្ខាសាលាស្តីអំពីបម្រែបម្រួលផ្នែកឌីជីថល(Digital Transformation) ដែលរៀបចំដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក បានបញ្ជាក់ថា “ក្នុងយុគឧស្សាហកម្ម ៤.០ និងយុគថ្មីបន្តទៀត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកត្តាលីករ ជួយឱ្យចម្រើនដល់អភិបាលកិច្ច រដ្ឋបាល វិស័យឧស្សាហកម្ម កសិកម្ម ផលិតកម្ម និងវិស័យជាច្រើនទៀត”។

លោក បានជំរុញឱ្យយកចិត្តទុកដាក់លើធាតុចម្បងចំនួន ០៣សំខាន់ៗ រួមមានម៖ ១- និយមន័យ បញ្ញត្តិ ខ្លឹមសារគោលប្រយោជន៍នៃវិជ្ជាឌីជីថល បម្រែបម្រួលផ្នែកឌីជីថល និងដំណោះស្រាយនៃបញ្ហាប្រឈមក្នុងការងារប្រចាំថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២-ការប្តូរការគិត ទម្លាប់ និងឥរិយាបថ ក្នុងជីវភាព និងការងារប្រចាំថ្ងៃ ក្នុងសង្គមឌីជីថល។ ៣- រចនាសម្ព័ន្ធ និងអភិបាលកិច្ច នៃប្រព័ន្ធឌីជីថល កាលានុវត្តភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តវិជ្ជាឌីជីថល ក្នុងជីវភាព ការងារប្រចាំថ្ងៃ និងការរៀនបន្តពេញមួយជីវិត។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃអង្គសិក្ខាសាលាលើកដំបូងនេះ ជាពិសេសការទទួលបាននូវគ្រូឧទ្ទេសនាម ដែលមានចំណេះដឹងប្រកបដោយជំនាញវិជ្ជាជីវៈ សម្រាប់ជាទុនដល់សិក្ខាកាមទាំងមូល បានសិក្សាឈ្វេងយល់ និងត្រូវគិតថាការសិក្សាគ្មានទីបញ្ចប់ឡើយ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតក៏បានណែនាំថា “ក្នុងបរិបទនៃសម័យឌីជីថលនេះ ទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់កម្រិត នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវខិតខំរៀនសូត្រទាំងអស់ គ្នា ពីព្រោះការរីកចម្រើនផ្នែកឌីជីថលនៃពិភពលោកមិនរង់ចាំយើងទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here