រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញឱ្យបង្កើតផ្សារចុងសប្ដាហ៍តាមបណ្តាខេត្ត

ដោយ ៖ សុវណ្ណារ៉ា

បាត់ដំបង ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការអំពាវនាវ និងផ្សព្វផ្សាយជំរុញការលើកទឹកចិត្តឱ្យបង្កើតផ្សារចុងសប្ដាហ៍នៅតាមបណ្តាខេត្តក្រុងនានានៅទូទាំងប្រទេស ដើម្បីអាចជួយលើកកម្ពស់ផលិតផល កសិផល ក៏ដូចជាកម្រិតជីវភាពប្រជាពលរដ្ឋដែលជាកសិករឱ្យមានភាពល្អប្រសើរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍បញ្ជាក់ក្នុងឱកាសនៃការចុះពិនិត្យផ្សារចុងសប្ដាហ៍នៅក្រុងបាត់ដំបងកាលពីថ្ងៃចុងសប្ដាហ៍នេះថា “ ការលក់បន្លែមាន់សាច់នៅផ្សារចុងសប្ដាហ៍នេះ ក្រៅពីផ្តល់ប្រាក់ចំណូលបន្ថែមដល់បងប្អូនកសិករ ក៏ធ្វើឱ្យអ្នកប្រើប្រាស់អាចជួបប្រាស័យទាក់ទងជាមួយកសិករផ្ទាល់ និងទិញកសិផលដែលមានប្រភពច្បាស់លាស់។ នៅថ្ងៃខាងមុខយើងខ្ញុំចង់ឃើញបងប្អូនទាំងអស់ប្រែក្លាយពីកសិករឆ្នើមទៅជាពាណិជ្ជករជោគជ័យ រកស៊ីកាន់តែចំណេញមានប្រាក់កាន់តែច្រើន។ នោះហើយគឺជាគោលបំណងចម្បងនៃគម្រោងរបស់យើង”។

មកដល់បច្ចុប្បន្ននេះ គម្រោងអេមស៍បើកដំណើរការសាកល្បងផ្សារចុងសប្ដាហ៍បានចំនួន ១២ខេត្តហើយ។ ផ្សារបើកមុនគេ គឺផ្សារចុងសប្ដាហ៍នៅខេត្តសៀមរាប ដោយបើកលក់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ និងមានការលក់ដូរបានល្អប្រសើរហូតមក។ គម្រោងអេមស៍មានផែនការបន្តបើកផ្សារដូចនេះ នៅបណ្ដាខេត្តគោលដៅផ្សេងទៀត និងរាជធានីភ្នំពេញនៅពេលឆាប់ៗខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារចុងសប្ដាហ៍ជាសកម្មភាពចម្បងមួយ នៃសកម្មភាពនានារបស់គម្រាងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅថា «អេមស៍» និងជាយុទ្ធសាស្រ្តអាទិភាពមួយក្នុងចំណោមយុទ្ធសាស្ត្រជាច្រើនរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មនៅលើទីផ្សារ និងដើម្បីបង្កើនប្រាក់ចំណូលរបស់កសិករខ្នាតតូចនៅតាមមូលដ្ឋាន តាមរយៈការធ្វើកសិ-ពាណិជ្ជកម្ម និងការតភ្ជាប់ទីផ្សារនៅក្នុងនិងក្រៅតំបន់។

លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តដល់ក្រុមការងារគម្រោងអេមស៍ និងក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តនីមួយៗ ខិតខំជួយ និងសម្របសម្រួលធ្វើយ៉ាងណា ឱ្យផ្សារចុងសប្តាហ៍ដែលកំពុងលក់ដូរមានដំណើរការល្អ និងមាននិរន្តរភាព។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាកសិករខិតខំដាំដុះជំរុញផលិតកម្មកសិកម្មរួមមាន៖ ការចិញ្ចឹម សត្វ ផលិតកម្មដំណាំស្រូវ និងដាំដំណាំផ្សេងៗទៀត ដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ តាមតម្រូវការប្រើប្រាស់ក្នុងស្រុក ព្រមទាំងបង្កើតទីផ្សារជូនកសិករខ្នាតតូច ដែលជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម និងទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here