លោក អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៣ចំណុចសម្រាប់ជំរុញក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣

ដោយ៖ សូរិយា

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចែករំលែកនូវមតិយោបល់និងអនុសាសន៍ចំនួន៣ចំណុច ដើម្បីជំរុញការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣” ឱ្យទទួលបានជោគជ័យជាផ្លែផ្កាតាមការគ្រោងទុក។

លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ចំណុចទី១ រាជរដ្ឋាភិបាលចាត់ទុកការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីនេះជាអាទិ ភាពដ៏ចម្បងនៅក្នុងរបៀបវារៈនៃការអភិវឌ្ឍនិងការកែទម្រង់សម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ។ វិធានការគោលនយោបាយ ដែលត្រូវបានដាក់ចេញនៅក្នុងផែនការសកម្មភាពនៃឯកសារនេះ មានលក្ខណៈមុតស្រួចនិងផ្ដោតទៅលើលទ្ធផលជាចម្បង (Outcome-Driven) ដែលបម្រើឱ្យគោលបំណងនៃការជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញនិងចាកចេញពីវិបត្តិ ជំងឺកូវីដ-១៩ ទៅបន្ដដំណើរលើគន្លងនៃកំណើនថ្មីមួយ ដែលកាន់តែមានភាពខ្លាំងក្លា ធន់ រឹងមាំ ស្វាហាប់និងប្រកបដោយថាមពលធៀបនឹងមុនពេលមានវិបត្តិ។

ទី២. ការអនុវត្ត “ក្របខណ្ឌយុទ្ធសាស្ត្រ និង កម្មវិធី” ទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធបំផុតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់។ ការអនុវត្តជាក់ស្ដែង នឹងតម្រូវឱ្យមានការចូលរួមពីភាគីដៃទៀត រួមទាំងភាគីឯកជន ដៃគូអភិវឌ្ឍន៍ និង សង្គមស៊ីវិល នៅក្នុងការផ្តល់នូវការគាំទ្រ និងកិច្ចសម្របសម្រួលនានា ជាពិសេស ការផ្តល់នូវអនុសាសន៍ និងព័ត៌មានត្រឡប់អំពីប្រសិទ្ធភាពនៃវិធានការ ព្រមទាំងបញ្ហាប្រឈមដែលនៅសេសសល់។

ទី៣. មិនត្រូវមើលស្រាលនិង មានការធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ឡើយ ជាពិសេស ប្រភេទមេរោគបំប្លែងថ្មីៗដូចជា អូមីក្រុងជាដើម ត្រូវបន្តត្រៀមខ្លួនជាប់ជានិច្ចចំពោះសេណារីយ៉ូអាក្រក់នៃការអូសបន្លាយយូរអង្វែងនៃវិបត្តិនៃជំងឺកូវីដ-១៩ នេះ តាមរយៈការរៀនរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយប្រកាន់ខ្ជាប់ នូវវិធានការសុខាភិបាល ជាពិសេស វិធានការ “៣-ការពារ និង៣-កុំ” ប្រកបដោយស្មារតីប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់ ដើម្បីធានាការពារសុវត្ថិភាពនិងសុខមាលភាពរបស់បុគ្គលនីមួយៗ ក៏ដូចជាការពារសុវត្ថិភាព និងសុខមាលភាពរបស់ក្រុមគ្រួសារ និងរបស់សហគមន៍ ព្រមទាំងធានានូវនិរន្តរភាពនៃការបើកប្រទេសនិងសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ មិនឱ្យមានការត្រឡប់ក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានគូសបញ្ជាក់ថា ឯកសារដ៏មានសារសំខាន់នេះ គឺជាមូលដ្ឋានគ្រឹះនិងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តយុទ្ធសាស្ត្រ និងវិធានការសកម្មភាពជាក់លាក់របស់រាជរដ្ឋាភិបាលក្នុងពេលចំពោះមុខនិងរយៈពេលមធ្យម សំដៅស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យត្រឡប់ទៅរកកំណើនសក្តានុពលរបស់ខ្លួន និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងរយៈពេលវែងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here