អាជីវកម្មកាដូឬវត្ថុអនុស្សាវរីយ៍រងផលប៉ះពាល់ដោយសារកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំក្រោយនេះ

ដោយ: សូរិយា

ភ្នំពេញ៖ ម្ចាស់អាជីវកម្ម ក៏ដូចជាអាជីវករលក់ផ្លែឈើ និងកាដូអនុស្សាវរីយ៍នៅទីក្រុងភ្នំពេញ បានត្អែញត្អែរថា គិតក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដោយសារការរាតត្បាតនៃវីរុសកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ការលក់ដូរជាខ្លាំង ដោយកត់សម្គាល់ឃើញថា ការបញ្ជាទិញរបស់ភ្ញៀវមានការការថយចុះយ៉ាងគំហុគ។

កញ្ញា វង្ស សុភ័ក្រ្ត បុគ្គលិកហាងផ្លែឈើស្រស់ ឡោតិចសេង ស្ថិតនៅក្បែរអាងទឹកអូឡាំពិក បានឱ្យដឹងថា ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យទាន ជាពិសេសនៅចុងឆ្នាំម្តងៗ ឃើញមានការកម្ម៉ង់និងកក់ទុកជាហូហែរពីភ្ញៀវនានា ឱ្យរៀបចំជាកាដូ ដូចជាផ្លែឈើ ភេសជ្ជៈ និងកាដូអនុស្សាវរីយ៍ផ្សេងៗទៀត ដើម្បីជូនថ្នាក់ដឹកនាំ ក៏ដូចជាមនុស្សជាទីស្រលាញ់រាប់អាន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំក្រោយនេះ ការលក់មិនដាច់ច្រើនទេ ដោយចំនួនភ្ញៀវ មានការថយចុះជាងពាក់កណ្តាល។ កញ្ញាឲ្យដឹងទៀតថា ទោះបីជាប៉ុន្មានខែចុងក្រោយនេះ ការឆ្លងរាលដាលជំងឺកូវីដ១៩ ថយចុះយ៉ាងណាក្តី ក៏ការលក់នៅតែស្ងាត់ភ្ញៀវដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក កញ្ញា ហេង រតនៈពិសី តំណាងឲ្យហាងលក់ផ្លែឈើស្រីមុំ ដែលស្ថិតក្បែរគ្នានេះ បានលើកឡើងស្រដៀងគ្នាថា បើសិនជាពេលនេះមិនមានវត្តមានកូវីដ គឺមមាញឹកច្រើនក្នុងការវេចខ្ចប់ឥវ៉ាន់ជូនភ្ញៀវ ព្រោះថាឲ្យតែរដូវបុណ្យទាន និងចុងឆ្នាំម្តងៗ មានការបញ្ជាទិញនិងកម្ម៉ង់ជាបន្តបន្ទាប់ពីភ្ញៀវក្នុងមួយថ្ងៃៗ ពេលខ្លះសូម្បីតែពេលហូបបាយក៏គ្មានផង និងបិទទ្វារដល់យប់ជ្រៅក៏មាន។

ទាក់ទងនឹងតម្លៃកាដូអនុស្សាវរីយ៍ តំណាងឱ្យហាងទាំងពីរខាងលើ បានបញ្ជាក់ថា សម្រាប់ប្រភេទផ្លែឈើមានតម្លៃចាប់ពី ៣៥ដុល្លារឡើងទៅ រីឯកាដូភេសជ្ជៈ នំតែស្ករ និងប្រភេទស្រាជាដើម មានតម្លៃចាប់ពី៥០ដុល្លារ ដល់ខ្ទង់រយ និងពាន់ដុល្លារ ទៅតាមប្រភេទទំនិញដែលភ្ញៀវកម្ម៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here