ម៉ាកយីហោភីហ្សារបស់សហរដ្ឋអាមេរិកគ្រោងពង្រីកឱ្យ៣០ទីតាំងក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៣ឆ្នាំ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ក្រុមហ៊ុនយូណាយធីតហ៊្វូដ ជាក្រុមហ៊ុននាំចូលនិងគ្រប់គ្រងលើហាងភីហ្សាហាត់របស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា ខ្លួនគ្រោងនឹងបើកអាជីវកម្មនេះនៅក្នុងប្រទេសកម្ពុជាឱ្យបាន៣០ទីតាំងក្នុងរយៈពេល២ទៅ៣ឆ្នាំ បន្ទាប់ពីបានបើកសាខាដំបូងកាលពីអំឡុងខែសីហា២០២១កន្លងទៅនេះ។ នេះបើតាមសេចក្ដីប្រកាសក្រុមហ៊ុននៅថ្ងៃទី១០ខែធ្នូឆ្នាំនេះ ក្នុងឱកាសដែលក្រុមហ៊ុននេះបានបើកសម្ពោធសាខាធំរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ។

លោក Unnat Varma អគ្គនាយក ភីហ្សាហាត់អន្តរជាតិ ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា ក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិពិតជាមានមោទនភាពក្នុងការចាប់ជាដៃគូពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.កក្នុងការឈានចូលទីផ្សារប្រទេសកម្ពុជា ដែលជាទឹកដីសំបូរទៅដោយវប្បធម៌ និងបេតិកភណ្ឌជាច្រើន ។ ហាងភីហ្សាហាត់ថ្មីនេះនឹងផ្តល់បទពិសោធន៍ដ៏ទាន់សម័យ និង ឱជារសឆ្ងាញ់នៅគ្រប់មុខម្ហូបទាំងអស់រួមមាន ការទទួលទាននៅក្នុងហាង ការដឹកជញ្ជូន ខ្ចប់ និងតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួល និងបទពិសោធន៍នៃរសជាតិភីហ្សានៅលើពិភពលោក” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ហេង សេងលី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.កបានមានប្រសាសន៍ថា យើងជឿជាក់ថាភីហ្សាហាត់នឹងក្លាយជាម៉ាកសញ្ញាដែលជាជម្រើសសម្រាប់ប្រជាជនកម្ពុជា ហើយយើងមានបំណងផ្សព្វផ្សាយអំពីបទពិសោធន៍ដ៏ទាន់សម័យនេះតាមរយៈផ្តល់នូវរសជាតិលំដាប់ពិភពលោកទៅកាន់គ្រប់អតិថិជនក្នុងតម្លៃសមរម្យ ដោយសារចំនួនប្រជាជនកម្ពុជាជាច្រើនទទួលបានចំណូលកើនឡើង ហើយពួកគេសម្លឹងមើលពីម៉ាកផលិតផលដែលល្អដើម្បីលើកកម្ពស់ជីវិតដ៏ទាន់សម័យរបស់គេ”។

លោក សេងលី បានបន្តទៀតថា “វាគឺជានិន្នាការថ្មីមួយដែលប្រជាជនកម្ពុជាភាគច្រើនមានភាពរវល់ការងារ ហើយទទួលបានប្រាក់ចំណូលជាច្រើន ដើម្បីចំណាយទៅលើការលំហែកំសាន្ត និងទទួលទានអាហារដែលលំដាប់ខ្ពស់។ នេះមានន័យថាការទទួលទាននៅក្នុងផ្ទះ និងមានពេលចំអិនអាហារដោយខ្លួនឯងតិចតួច ហេតុដូច្នេះហើយយើងចង់ចូលរួមជាផ្នែកមួយដើម្បីធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានរសជាតិដ៏ឆ្ងាញ់ពីភីហ្សាហាត់នេះ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម៉ាកយីហោអន្តរជាតិជាច្រើនបានឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីបម្រើនូវតម្រូវការរបស់ប្រជាពលរដ្ឋ ស្របពេលដែលកំណើនប្រាក់ចំណូលរបស់ពលរដ្ឋកម្ពុជាក៏កាន់តែកើនឡើងជាបន្តបន្ទាប់ ក្នុងនោះដែរក្រុមហ៊ុនអន្តរជាតិល្បីៗដូចជាក្រុមហ៊ុនអាហារនិងភេសជ្ជនៈ ក៏ដូចជាក្រុមហ៊ុនលក់ផលិតផលជាច្រើនក៏បានចូលនិងកំពុងរកឱកាសពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here