លោកស៊ុន ចាន់ថុលជម្រុញឲ្យកំពង់ផែព្រះសីហនុប្រើប្រាស់កញ្ចប់ថវិកាតែមួយលើការងារបច្ចេកទេស

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគាំទ្រឱ្យគម្រោងទាំងពីរនេះ អនុវត្តជាពីរជំហាន ដោយប្រើប្រាស់កញ្ចប់ថវិកាតែមួយ លើទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិ  ត្យគម្រោងតែមួយ និងក្រុមហ៊ុនសាងសង់អាចមានពីរក្រុមហ៊ុន ដើម្បីឱ្យការសាងសង់នេះប្រព្រឹត្តទៅបានលឿនទាន់ពេល។

លោកបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ ធ្នូកន្លងមកថា ការកសាងពង្រីកកំពង់ផែជំហ៊ានទី២ និងទី៣ ធ្វើឡើងដើម្បីទាក់ទាញវិនិយោគិនបន្ថែម និងចូលរួមចំណែក ក្នុងការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូ​នតាមផ្លូវសមុទ្រ ក៏ដូចជាដើម្បីជំរុញ និងលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទសហការជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសមិទ្ធផលសម្រេ​ចបានសំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ក្រោមជំនួ​យរបស់ជប៉ុន និងដៃគូអភវឌ្ឍន៍ផ្សេងៗទៀត ដើម្បីឱ្យពិភពលោកបានដឹងជ្រួតជ្រាប ជៀសវាងកុំឱ្យគេចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាទទួលយកតែជំនួយពីប្រទេសចិន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេ​ចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ាន។

តាមផែនការ ការសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ គ្រោងបញ្ចប់នៅឆ្នាំ២០២៨ ដោយឡែកជំហានទី៣ គ្រោងបញ្ចប់នៅឆ្នាំ២០៣០។ការសាងសង់នេះគឺ ដើម្បីបំពេញតម្រូវការជាក់ស្តែង នៃការកើនឡើងបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនេះ ជាមួយនឹងការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជាផងដែរ។

លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសជំនួបជាមួយលោកស៊ុន ចាន់ថុលបានឲ្យដឹងថា គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី-ជំហានទី២ និងជំហានទី៣ គឺដើម្បីធានាដល់ការចូលចតនាវា កុងតឺន័រខ្នាតធំៗប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះក្នុងពេលបច្ចុប្បន្ន និងអនាគត។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រចំណត កុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច៥៤ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ម៉ែត្រ។

ដោយឡែក ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជំហានទី២ប្រវែង៣០០ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here