SME និងសហគ្រិនស្ត្រីគឺជាដៃគូដ៏សំខាន់របស់ធនាគារនិងមីក្រូហិរញ្ញវត្ថុ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារនិងមីក្រូហិរញ្ញវត្ថុកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យសហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនស្ត្រី ដោយបានផ្ដល់កម្ចីជាបន្តបន្ទាប់ទៅកាន់សហគ្រិនទាំងនោះ ទោះបីនៅក្នុងវិបត្តិកូវីដ១៩ក្ដី៊។ ទោះយ៉ាងណាក៏ដោយ សហគ្រិនមួយចំនួននៅតែមានបញ្ហាប្រឈមក្នុងការទទួលបានឥណទានយកមកប្រើប្រាស់ដដែល។

លោក ប៊ុន យីន អនុប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្ដីពីបញ្ហាប្រឈមនិងដំណោះស្រាយចំពោះការទទួលបានឥណទានរបស់សហគ្រាសធុនតូចនិងមធ្យមនិងសហគ្រិនស្ត្រី កាលពីព្រឹកថ្ងៃទី៦ ំធ្នូ២០២១នេះថា អតិថិជន ជាពិសេសសហគ្រិនក្នុងវិស័យសហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនស្ត្រី គឺជាដៃគូដែលមិនអាចខ្វះបានរបស់ធនាគារ និងហិរញ្ញវត្ថុកម្ពុជា ហើយភាពជាដៃគូនេះហើយនឹងបន្តទៅជាមួយគ្នានៅគ្រប់កាលៈទេសៈទាំងអស់។

លោកបន្តថា ដោយមានការអនុញ្ញាតនិងការសម្របសម្រួលប្រកបដោយភាពទន់ភ្លន់ ការប្រុងប្រយ័ត្នរបស់ធនាគារជាតិនៃកម្ពុជា បានធ្វើឱ្យធនាគារនិងមីក្រូហិរញ្ញវត្ថុកម្ពុជា មានដើមទុនគ្រប់គ្រាន់និងបន្ធូបន្ថយលក្ខខណ្ឌមួយចំនួន ដល់អតិថិជន ហើយអតិថិជនក៏នៅតែទទួលបានដើមទុនសម្រាប់ប្រកបអាជីវកម្មរបស់ខ្លួនដដែលក្នុងវិបត្តិកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានធនាគារសហគ្រាសធុនតូចនិងមធ្យមជាសេនាធិការ បានដាក់ចេញនូវកញ្ចប់សហហិរញ្ញប្បទានជាបន្តបន្ទាប់ ដើម្បីផ្ដល់កញ្ចប់ឥណទានដល់សហគ្រាសធុនតូចនិងមធ្យមនិងសហគ្រិនស្ត្រីសម្រាប់បន្តអាជីវកម្មរបស់ពួកគេជាបន្តបន្ទាប់ ។

បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្នុងវិស័យឧស្សាហកម្មបានផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាច្រើនជាង ហើយក្នុងវិស័យសហគ្រាសធុននិងមធ្យមកម្ពុជានេះដែរ ក៏បានផ្ដល់ការងារនិងផលិតនូវទំនិញជាច្រើនទៀតបំពេញតម្រូវការក្នុងស្រុកនិងការនាំចេញផងដែរ។

លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏បានលើកឡើងផងដែរថា បញ្ហារបស់សហគ្រិនស្ត្រីក៏ដូចជាសហគ្រិនដទៃទៀត ដើម្បីទទួលបានឥណទានមកប្រើប្រាស់គឺទ្រព្យធានា ដោយសារតែសហគ្រិនមិនមានទ្រព្យបញ្ចាំឬធានាដើម្បីទទួលបានឥណទាន តែក្រោយមកក៏មានសាវជីវកម្មធានាឥណទាន តែយើងក៏នៅតែមានបញ្ហាសម្រាប់សហគ្រាសតូចៗដដែល។ យ៉ាងណាក្ដីមកដល់នេះ ក៏មានគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបានយល់ព្រមផ្ដល់ឥណទានដល់សហគ្រិនរបស់យើងជាបន្តបន្ទាប់សម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here