ទីផ្សារអាផាតមិនក្នុងក្រុងភ្នំពេញចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញហើយ

ដោយ៖ សុផារី

ភ្នំពេញៈ ក្រោយជាប់គាំង ដោយសារវត្តមានជំងឺកូវីដ១៩ កាលពីដើមឆ្នាំ២០២០ ទីផ្សារអាផាតមិនក្នុងរាជធានីភ្នំពេញបានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានឡើងវិញខ្លះៗហើយ ដោយតម្រូវការ និងតម្លៃជួលបានកើនឡើងវិញ។

យោងតាមរបាយការណ៍​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ CBRE Cambodia ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កក្កដា ឆ្នាំ​២០២២ ​បានឱ្យដឹង​ថា នៅក្នុង​ឆមាស​ទី​១ឆ្នាំ​២០២២នេះ ​មាន​គម្រោង​អាផាតមិន​ចំនួន​៣ បាន​បញ្ចប់​ការ​សាង​សង់ និង​ដាក់​ចូល​ទីផ្សារ ដែល​មាន​បន្ទប់​ស្នាក់នៅ​សរុប៤៧៩​បន្ទប់។

គម្រោងទាំងនោះ​​ ​រួម​មាន Citadines Flatiron Phnom Penh (កម្រិតA) ​ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក​ Jasmine Residents (កម្រិតA) នៅ​ក្នុង​ខណ្ឌ​បឹងកេងកងនិង TK Central (កម្រិតB) ស្ថិត​ក្នុង​ខណ្ឌ​ទួល​គោក​។

យោង​តាមរបាយការណ៍ដដែលឱ្យដឹងថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ឆ្នាំ​២០២២ ​ក្នុង​រាជធានី​ភ្នំពេញ មាន​អាផាតមិនប្រភេទA និង​​ប្រភេទB សរុប​ប្រមាណ៤ពាន់​យូនីត។ ក្នុងនោះ អាផាតមិនជាង៤០០យូនីត ត្រូវបានបញ្ចប់ការសាងសង់ និងបានបើកដំណើរការ ហើយ២១ភាគរយនៃការផ្គត់ផ្គង់សរុប នៃអាផាតមិន ក្នុងក្រុងភ្នំពេញ ត្រូវបានគ្រប់គ្រង ដោយប្រតិបត្តិករអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់តម្លៃជួល ក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២២ អាផាតមិនកម្រិត A មានតម្លៃ​ជាមធ្យមពី១០ទៅ៣០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ​ក្នុងមួយ​ខែ​ កើន​ឡើង២,៤​ភាគ​រយ ​បើ​ធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ចំណែក​អាផាតមិន​កម្រិត B មាន​តម្លៃ​ជួល​ចន្លោះ​ពី៧​ទៅ​២២​ដុល្លារ​ ក្នុងមួយម៉ែត្រការ៉េ​ក្នុងមួយ​ខែ​ កើន​ឡើង១,៥​ភាគ​រយ​ ប្រៀប​ធៀប​នឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

អ្នកនាង​ គឹម គិនកេសា អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ក្រុមហ៊ុន CBRE Cambodia បាន​និយាយ​ថា ទីផ្សារអាផាតមិនពឹងផ្អែកខ្លាំងលើជនបរទេសជួលស្នាក់នៅ ដូច្នេះនៅពេលចំនួនជនបរទេសធ្វើដំណើរមកកម្ពុជាកើនឡើង ទីផ្សារនេះប្រាកដជាមានដំណើរការល្អឡើងវិញដែរ។

អ្នកនាងបន្តថា ភាព​ធូរ​ស្រាល​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​ ១៩ ការ​បើក​ប្រទេស​បាន​ឆាប់​រហ័ស និង​ការ​កែ​សម្រួល​លក្ខខណ្ឌ​មួយ​ចំនួន ​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ និង​ភ្ញៀវ​ទេសចរ​បរទេស​ បាន​ធ្វើ​ឱ្យ​ចំនួន​ជន​បរទេស​ធ្វើ​ដំណើរ​មក​កម្ពុជា​មាន​ចំនួន​កាន់​តែ​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here