តំបន់ទួលពង្រកំពុងស្រូបទាញការអភិវឌ្ឍលំនៅឋានកាន់តែច្រើន ស្របពេលប្រជាសាស្រ្តក្នុងទីក្រុងកើនឡើង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទួលពង្រពីមុនគ្រាន់តែជាតំបន់ជាយក្រុង និងជាតំបន់សម្រា​ប់អ្នកចំណូលទាប និងមិនសូវមានការអភិវឌ្ឍប៉ុន្មាននោះទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះវិញ ទួលពង្របាននិងកំពុងក្លាយជា តំបន់អភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល និងកាន់តែមានភាពទាក់ទាញ ដល់វិនិយោគិនក្នុងការអភិវឌ្ឍលំនៅឋាន សម្រាប់ផ្គត់ផ្គង់បំពេញទៅតាមតម្រូវការជាក់ស្ដែង។

ជាការកត់សម្គាល់ តំបន់ទួលពង្រពេលនេះ ឃើញមានក្រុមហ៊ុនអភិ​វ ឌ្ឍន៍លំនៅឋានធំៗ និងតម្លៃមធ្យមឡើងកាន់តែច្រើន និងឈានជើងទៅកាន់តំបន់នោះ ដែលធ្វើឱ្យតំបន់ជាយរាជធានីភ្នំពេញមួយនេះ មានសន្ទុះលើការអភិវឌ្ឍលំនៅឋានកាន់តែច្រើនឡើងៗ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodiaបានលើកឡើងថា តំបន់មួយចំនួនក្នុងខណ្ឌដង្កោ ពោធិ៍​សែនជ័យ បាននិងកំពុងមានការអភិវឌ្ឍលើលំនៅឋាន កាន់តែខ្លាំង ដោយ​សារតែតំបន់ទាំងនោះ មានដីទំនេរច្រើន និងមានតម្លៃទាបដែលអាចឱ្យវិនិយោគិនសាងសង់លំនោឋាន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកនាងបន្តថា “ទីផ្សារលំនៅឋាននៅតែបន្តមាន ចំពោះអតិថិជនជាអ្នកក្នុងស្រុក ដូច្នេះអ្នកអភិវឌ្ឍន៍ក៏បន្តអភិវឌ្ឍន៍ សម្រាប់ផ្គត់ផ្គង់ទោះបីជាជួបបញ្ហាប្រឈមមួយចំនួនពីវិបត្តិកូវីដ១៩ ក៏ដោយហើយទីផ្សារនេះនឹងកាន់តែមានកំណើននៅពេលណាវិបត្តិបានបញ្ចប់បន្តិចម្ដងៗ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងថា តំបន់ជុំវិញក្រុងភ្នំពេញឃើញថាសុទ្ធតែមានសក្ដានុពលដូចគ្នា ហើយតំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះនឹងទាក់ទាញ មនុស្សទៅរស់នៅកាន់តែច្រើន។

លោកបន្តថា តំបន់ប៉ែកខាងត្បូងនិងខាងលិច ជាតំបន់មានការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន ក្នុងចំណោមតំបន់ផ្សេងៗទៀត ។ កត្តាមួយចំនួនដែលធ្វើឱ្យតំបន់ទាំងនោះ មានការអភិវឌ្ឍលំនៅឋានដូចឃើញស្រាប់ហើយ មានផ្លូវក្រវ៉ាត់ក្រុង មានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលរដ្ឋាភិបាលបានអភិវឌ្ឍជាបន្តបន្ទាប់ មានផ្សារនិងមានបុរីតូចធំជាច្រើន កំពុងដំណើរការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនផងដែរ ។

តាមរបាយការណ៍និងការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋាន ជាបុរីចំនួន៣៩គម្រោង ដែលតួលេខនេះ បានបង្ហាញពីតម្រូវការលំនៅឋានក្នុងបុរី ក្នុងប្រទេសកម្ពុជាបន្តរីកចម្រើនទៅមុខបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here