ទម្រង់បោកប្រាស់៥ប្រភេទក្នុងវិស័យអចលទ្រព្យដែលកើតមានញឹកញាប់ជាងគេ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ដោយសារវាជាវិស័យដែលរកប្រាក់បានច្រើន ហេតុនេះ​ល្បិចកលក្នុងវិស័យនេះ ក៏មានហានិភ័យខ្ពស់ផងដែរ ពិសេសការបោកប្រាស់ ដែលប្រជាពលរដ្ឋមួយចំនួនមិនបានដឹង។

ទម្រង់បោកប្រាស់ទាំងនោះរួមមានដូចខាងក្រោមនេះ ដែលលោក អ្នកគួរប្រុងប្រយ័ត្ន និងត្រូវសិក្សាស្វែងយល់ឲ្យបានម៉ត់ចត់។

១. មានប្លង់កម្មសិទ្ធចំនួនពីរ
សិទ្ធក្នុងការកាន់កាប់អចលនទ្រព្យមានចំនួនពីរ ដែលពេញនិយមក្នុងការប្រើប្រាស់នៅកម្ពុជាយើង គឺប្លង់រឹង និងប្លង់ទន់ ដែលប្លង់រឹង គឺមានព័ត៌មានលម្អិត ត្រូវបានទទួលស្គាល់និងបញ្ជាក់ ក្នុងកម្រិតជាតិពី ការិយា​ល័យសុរិយោដី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ហើយប្លង់ទន់ត្រូវបានផ្តល់ជូន ដោយការិយាល័យសង្កាត់ ឬស្រុក និងមិនត្រូវបានចុះឈ្មោះនៅថ្នាក់ជាតិនោះទេ ប៉ុន្តែប្លង់ទន់ត្រូវបានគេចាត់ទុកជា ឯកសារម្ចាស់កម្មសិទ្ធិពេញសិទ្ធិ។

ចំពោះករណីនេះ ម្ចាស់ដែលមានប្លង់រឹង អាចប្រើប្រាស់ប្លង់ទន់ដែលត្រូវបានច្បាប់និរាករ (លែងឲ្យប្រើតទៅទៀត) យកមកប្រើប្រាស់ ដើម្បីឆបោក ដោយប្រគល់ប្លង់ទន់ទៅអ្នកទិញម្នាក់ និងប្រគល់ប្លង់រឹងឲ្យអ្នកទិញម្នាក់ទៀត។ ដូច្នេះលោកអ្នកគួរស៊ើបអង្កេតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងការិយាល័យសុរិយោដី ក្នុងតំបន់ផ្ទាល់។ ម្យ៉ាងទៀតលោក អ្នកអាចសាកសួរអ្នកជិតខាង ប្រសិនបើពួកគេមានប្លង់រឹង នោះមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹងឲ្យអ្នកនៅតំបន់នោះរួចហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ដីមានទំនាស់
ការបោកប្រាស់នេះ ពាក់ព័ន្ធទៅនឹងអចលនទ្រព្យ ដែលកំពុងមានវិវាទដី។ ដូច្នេះលោកអ្នកគួរសាកសួរអ្នកជិតខាង ឬធ្វើការស្វែងរកប្លង់កាន់កាប់ពី ក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដី ដោយគ្រាន់តែចង់ដឹងថា ដីនោះជាដីកំពុងមានទំនាស់ឬអត់។

៣. ជនក្លែងបន្លំជាម្ចាស់អចលនទ្រព្យ
ករណីនេះច្រើនកើតឡើងនៅលើដីទំនេរ ដូច្នេះលោកអ្នកគួរសាកសួរពីអ្នកជិតខាង ឬប្រធានភូមិ និងស៊ើបប្រវត្តិ របស់ម្ចាស់អចលនទ្រព្យ។ គួរពិនិត្យលើប្លង់កម្មសិទ្ធ ប្រសិនបើម្ចាស់មិនមានប្លង់កម្មសិទ្ធនោះ ឬមានអ្វីមួយមិនប្រក្រតី ត្រូវសួរអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងថាពួកគេជាម្ចាស់កម្មសិទ្ធពិតប្រាកដដែរឬទេ។

៤. អចលនទ្រព្យខូចខាត
វាអាចជាមូលហេតុ ដែលអចលនទ្រព្យមានតម្លៃថោក​​ ដោយសារមានការខូចខាត ដែលមិនអាចមើលឃើញ។ ដូច្នេះអ្នកគួរនាំអ្នកជំនាញ ត្រួតពិនិត្យប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់។

៥. បង់ប្រាក់មុនគម្រោង
មានគម្រោងអភិវឌ្ឍន៍ខ្លះ បានផ្សព្វផ្សាយគម្រោងថ្មីរបស់ខ្លួន និងប្រមូ​លប្រាក់កក់មុន ដោយសន្យាសាងសង់ទៅតាមគម្រោង ហើយបន្ទាប់មកក៏គេចខ្លួនបាត់។ ករណីនេះលោកអ្នកគួរស៊ើបពីគម្រោង និងម្ចាស់គម្រោងជាមុន ធម្មតាម្ចាស់គម្រោងដែលល្អ មានកេរ្តិ៍ឈ្មោះល្អស្រេចទៅហើយ។

មួយទៀតលោក អ្នកអាចសាកសួរក្រសួងពាក់ព័ន្ធ ក្រសួងរៀបចំដែនដី តើមានការទទួលស្គាល់ និងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here